Date: 26/September/2017

MoH logo1

សេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានស្តីពី

ករណីជំងឺដង្កូវព្រូនទ្រីស៊ីណែឡា (ហៅថា Trichinellosis)​ នៅខេត្តកំពង់ធំ

 

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន នូវព័ត៌មានស្តីពីករណី ជំងឺដង្កូវព្រូនទ្រីស៊ីណែឡា (ហៅថា Trichinellosis) ដែលកំពុងកើតមាននៅភូមិច្រកតោល ឃុំមានរិទ្ធ ស្រុកសណ្តាន់ (តំបន់ព្រៃឡង់) នៃខេត្តកំពង់ធំ និងសេចក្តីអំពាវរបស់ ក្រសួងសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ ចូលរួមអនុវត្តវិធានការណ៍បង្ការជំងឺនេះ។ ក្រោយពីទទួលបាននូវព័ត៌មាន ពីករណីជំងឺខាងលើនេះ ភ្លាមៗ ក្រសួងសុខាភិបាលបានចាត់ក្រុមការងារ ដែលមានក្រុម ឆ្លើយតបបន្ទាន់របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រួមជាមួយមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត ដោយសហការជាមួយ មន្ទីរសុខាភិបាលខេត្តកំពង់ធំ មន្ទីរពេទ្យខេត្តកំពង់ធំ និងមន្ទីរពេទ្យថ្នាក់ជាតិ ដោយមានការចូលរួមពីតំណាង អង្គការសុខភាពពិភពលោកផងដែរនោះ ចុះស្រាវជ្រាវជាបន្ទាន់នៅទីតាំងដែលកើតហេតុ ខាងលើ ដែលក្រសួង សូមជម្រាបជូនដូចខាងក្រោមនេះ ៖...

ជំងឺដង្កូវព្រូនទ្រីស៊ីណែឡា ហៅថា ទ្រីស៊ីណែឡូស៊ីស គឺជាជំងឺមួយដែលចម្លងមកមនុស្ស តាមរយៈការបរិភោគ សាច់ឆៅឬសាច់ចម្អិនមិនឆ្អិនល្អដែលសាច់នោះមាន ដង្កូវព្រូនទ្រីស៊ីណែឡា។ រោគសញ្ញាដំបូង រួមមាន ក្អួតចង្អោរ រាករូស ក្អួត អស់កម្លាំង និងគ្រុនក្តៅ។ ឈឺពោះអាចកើតមានឡើងក្នុងអំឡុងពេល ១ ទៅ ២ ថ្ងៃ បន្ទាប់ពីឆ្លងដង្កូវព្រូនទ្រីស៊ីណែឡាចូលក្នុងខ្លួនមនុស្សយើង។ បន្ទាប់ពីរោគសញ្ញាដំបូងមក មានអាការៈដូចជាឈឺក្បាល គ្រុនក្តៅ ក្អក ហើមមុខនិងត្របកភ្នែក (អាចមានហើមដៃ ហើមជើង) ឈឺសន្លាក់ និងឈឺសាច់ដុំ រមាស់ស្បែក រាកឬទល់លាមក។ រោគសញ្ញាផ្សេងទៀតជាធម្មតាចាប់ផ្តើមពី ២ ទៅ ៨ សប្តាហ៍ បន្ទាប់ពីការបរិភោគសាច់ដែលមានដង្កូវព្រូននេះ។ រោគសញ្ញាធ្ងន់ធ្ងរ មានដូចជាពិបាកធ្វើ ចលនា និងបង្កបញ្ហាដល់បេះដូងនិងដង្ហើម ដែលបណ្តាលមកពីការរាតត្បាតនៃដង្កូវព្រូននេះ នៅក្នុងសរីរាង្គរបស់មនុស្ស (ដូចជាសួត បេះដូង ថ្លើម និងខួរក្បាលជាដើម) និងអាចបណ្តាលឲ្យស្លាប់បាន។ ការព្យាបាល គឺសាមញ្ញនិងមានប្រសិទ្ធភាពបាន គឺនៅពេលចាប់ផ្តើមឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយផ្អែកលើរោគសញ្ញានិងប្រវត្តិនៃការញ៉ាំ សាច់ឆៅឬសាច់ចម្អិនមិនឆ្អិនល្អ ជាពិសេសសាច់សត្វព្រៃ។ ប្រសិនបើ អ្នកភូមិនៅភូមិច្រកតោល ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ មានរោគសញ្ញា ដូចបានរៀបរាប់ខាងលើនេះ សូមបងប្អូនប្រញាប់ប្រញាល់មកមណ្ឌលសុខភាពឬមន្ទីរពេទ្យ ដែលនៅជិតផ្ទះលោកអ្នកដើម្បីទទួលការព្យាបាលឲ្យបានទាន់ពេលវេលា។
ករណីនៅស្រុកសណ្តាន់ (តំបន់ព្រៃឡង់) ខាងលើ ពួកគាត់បានបរិភោគសាច់សត្វព្រៃប្រហែលជា ៣ ទៅ ៤ សប្តាហ៍ មុនពួកគាត់ឈឺ ហើយអ្នកឈឺមានរោគសញ្ញាដូចជា៖ គ្រុនក្តៅ រាក ក្អួត ឈឺសាច់ដុំ អស់កម្លាំង ហើមដៃហើមជើង និងឈឺសន្លាក់ ដែលអាការៈរោគនេះចាប់ផ្តើមតាំងពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៧ ដោយរហូតមកទល់ថ្ងៃនេះ មានករណី ឈឺសរុបចំនួន ៣៣ ករណី ក្នុងនោះស្លាប់ចំនួន៨ករណី(ប្រុសទាំង ៨ នាក់)។ ក្នុងចំណោមអ្នកជំងឺ ១៣ នាក់ ដែលបានមក សំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យព្រះកេតុមាលា ក្រុមការងារនិងក្រុមគ្រូពេទ្យ បានយកសំណាកកោសិកាសាច់ដុំដើមដៃអ្នកជំងឺ ទៅធ្វើវិភាគនៅមន្ទីរពិសោធន៍នៃមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានបញ្ជាក់ឃើញមានដង្កូវព្រូនទ្រីស៊ីណែឡានៅក្នុងសាច់ដុំ។ ខាងក្រោមនេះ គឺជារូបភាពបានមកពីមន្ទីរពិសោធន៍នៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានរកឃើញដង្កូវព្រូននៅក្នុងសំណាកសាច់ដុំអ្នកជំងឺ ។
 
PressRelease trichinellosis IMG
 
ក្រុមការងារចម្រុះដែលក្រសួងសុខាភិបាល បានចាត់ឲ្យចុះដល់មូលដ្ឋានផ្ទាល់ បានបន្តការព្យាបាលនិងអប់រំ សុខភាពជូនដល់អ្នកភូមិ និងកុមារចំនួន៧០០នាក់ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ នៃតំបន់កើតហេតុ និងបាន ចែកថ្នាំព្រូន ជូនប្រជាពលរដ្ឋដើម្បីការពារនិងទំលាក់ព្រូន និងចែកមុងការពារជំងឺគ្រុនចាញ់ដល់ពួកគាត់ ព្រមទាំងធ្វើតេស្ត គ្រុនចាញ់ផងដែរ។ យុទ្ធនាការអប់រំសុខភាព កំពុងដំណើរការនៅតាមភូមិនៃតំបន់កើតហេតុ និងជំរាបជូនដល់ អ្នកភូមិច្រកតោល ឃុំមានរិទ្ធ ស្រុកសណ្តាន់ (តំបន់ព្រៃឡង់) នៃខេត្តកំពង់ធំ ដែលរងផលប៉ះពាល់ អំពីវិធានការប្រុង ប្រយ័ត្ន ជាពិសេសការអនុវត្តអនាម័យនិងសុវត្ថិភាពម្ហូបអាហារ និងត្រូវចៀសវាងការបរិភោគសាច់ឆៅ ឬសាច់ចំអិន មិនឆ្អិនល្អ (សត្វស្រុក និងសត្វព្រៃ) ។
ក្រសួងសុខាភិបាលសូមអំពាវនាវ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការការពារកុំឲ្យមាន ការឆ្លងជំងឺខាងលើ និងជំងឺផ្សេងៗទៀត ហើយជម្រុញឲ្យបុគ្គលិកសុខាភិបាលទាំងអស់ បន្តការយកចិត្តទុកដាក់តាមដាន ជំងឺខាងលើ និងផ្តល់ការព្យាបាលជូនប្រជាពលរដ្ឋដោយហ្មត់ចត់ជាទីបំផុត។ ប្រសិនបើមានបញ្ហាសុខភាព ឬមាន រោគសញ្ញាដូចបានរៀបរាប់ខាងលើនេះ សូមបងប្អូនស្វែងរកការព្យាបាលឲ្យបានទាន់ពេល ចៀសវាងទុកយូរដែលធ្វើឲ្យ ដង្កូវព្រូនវ៉ៃលុកចូលសរីរាង្គច្រើនកន្លែង ដែលអាចបាត់បង់ជីវិតបាន និងសូមចូលរួមផ្តល់ព័ត៌មានមកមន្ទីរសុខាភិបាលខេត្ត ឬមកក្រសួងសុខាភិបាល ដើម្បីទទួលបានការព្យាបាលបានទាន់ពេល និងការបង្ការដល់អ្នករងផលប៉ះពាល់ពីជំងឺនេះ។
ឯកឧត្ដម វេជ្ជ. ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលមានប្រសាសន៍ថា ” សូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការបរិភោគ សាច់ឆៅឬចម្អិនមិនឆ្អិនល្អ ហើយគ្រប់ៗគ្នា ត្រូវចម្អិនសាច់ឱ្យបានឆ្អិនល្អ និងមានអនាម័យម្ហូបអាហារត្រឹមត្រូវ ដើម្បីការពារពីជំងឺដង្កូវព្រូនទ្រីស៊ីណែឡា និងជំងឺផ្សេងៗទៀត ហើយរួមគ្នាអនុវត្តនូវការប្រុងប្រយ័ត្នដ៏សាមញ្ញមួយចំនួន នៅពេលដែលកាន់និងរៀបចំម្ហូបអាហារ ដែលអាចការពារអ្នកគ្រប់គ្នានិងក្រុមគ្រួសារពីការឈឺ” រួមមាន៖
១. ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាតនិងឆ្អិនជានិច្ច
២. ត្រូវលាងដៃនឹងសាប៊ូ មុនពេលនិងអំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ និងក្រោយបន្ទោរបង់។
៣. លាងសំអាតបន្លែផ្លែឈើឲ្យបានស្អាតមុនបរិភោគ
៤. សំអាតសម្ភារៈប្រើសម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ
៥. ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ ។
៦. ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា ។
៧. កុំរក្សាទុកអាហារក្នុងកំដៅធម្មតាលើសពី២ម៉ោង
៨. មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ
ក. បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព៥អង្សាសេ
ខ. បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធកំដៅ គឺត្រូវឲ្យលើសពីសីតុណ្ហភាព៦០អង្សាសេ
៩. កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់។
ក្រសួងសុខាភិបាល និងបន្ដធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្ដន៍របស់ជំងឺនេះ តាមគេហទំព័ររបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសំភារៈអប់រំសុខភាព ដែលអាចទាញ យកបាន។
សំរាប់ព័ត៌មានបន្ថែមអំពីជំងឺសូមទាក់ទងទូរស័ព្ទទាន់ហេតុការណ៍ ១១៥ (ឥតគិតថ្លៃ)។
សំរាប់ព័ត៌មានបន្ថែមទៀតសូមទាក់ទងក្រសួងសុខាភិបាល៖ វេជ្ជ. លី សូវ៉ាន់ ទូរស័ព្ទលេខ ០១២ ៨២៥ ៤២៤ ។
រាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០១៧

____________________

Download: សេចក្តីប្រកាសដើម  Image | PDF