Date: 22-March-2023
អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារថា មនុស្ស 5 នាក់បានស្លាប់ នៅក្នុងប្រទេសតង់ហ្សានី ក្នុងទ្វីបអាហ្វ្រិក ដោយសារជំងឺបង្កដោយមេរោគ Marburg នៅក្នុងតំបន់ Kagera ភាគពាយ័ព្យរបស់ប្រទេសនេះ ។
រោគសញ្ញារួមមាន ក្តៅខ្លួន ឈឺក្បាលខ្លាំង ក្អួត ហូរឈាម និងខ្សោយតំរងនោម ស្រដៀងជំងឺ Ebola ។
WHO បាននិយាយថា “៥ ករណីក្នុងចំណោម ៨ ករណី រួមទាំងបុគ្គលិកសុខាភិបាលម្នាក់បានស្លាប់ ហើយ ៣ នាក់ទៀតកំពុងទទួលការព្យាបាល” ។ អ្នកប៉ះពាល់សរុបចំនួន 161 ត្រូវបានកំណត់អត្តសញ្ញាណ និងកំពុងតាមដានសុខភាព ។ WHO បាននិយាយថា ខ្លួនកំពុងគាំទ្រ ដល់ក្រសួងសុខាភិបាល របស់ប្រទេសនេះ ក្នុងការដាក់ពង្រាយក្រុមឆ្លេីយតបបន្ទាន់ ទៅកាន់ Kagera ដើម្បីធ្វើការអង្កេតរោគរាតត្បាតបន្ថែមទៀត ។
មិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលមេរោគនេះនៅឡើយទេ។
មេរោគនេះត្រូវបានចម្លងទៅមនុស្ស ពីប្រចៀវផ្លែឈើនៅអាហ្រ្វិក ហើយរីករាលដាល ក្នុងចំណោមមនុស្សតាមរយៈការប៉ះពាល់ផ្ទាល់ ជាមួយទឹកសរីរាង្គ បុគ្គលដែលមានមេរោគ (ទឹកមាត់, សំបោរ, ស្លេះ, ទឹកភ្នែក, ទឹកនោម, លាមក, ញេីស, ឈាម, ទឹករងៃ) លេីផ្ទៃមានទឹកសរីរាង្គ និងសម្ភារៈមានប្រលាក់ទឹកសរីរាង្គ ។
ករណីសង្ស័យ: បុគ្គលដែលមានរោគសញ្ញា ក្តៅខ្លួន ឈឺក្បាលខ្លាំង ក្អួត ហូរឈាម និងខ្សោយតំរងនោម និងមានប្រវត្តិមកពីប្រទេសអាហ្វ្រិក ជាពិសេសប្រទេស តង់ហ្សានី ក្នុងកំឡុងពេល ២១ថ្ងៃ មុន ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥