ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណៈជនទាំងអស់ឲ្យបាន ជ្រាបថាជំងឺហ្ស៊ីកា (Zika) ជាជំងឺ​ឆ្លងបង្កដោយ វីរុសហ្ស៊ីការកឃើញដំបូងនៅលើសត្វស្វាក្នុងឆ្នាំ១៩៤៧ និងលើមនុស្សក្នុងឆ្នាំ១៩៥២ នៅប្រទេស Uganda នៃទ្វីបអាហ្វ្រិក។ បន្ទាប់មកជំងឺនេះ​មានការផ្ទុះឡើងជារប៉េះរប៉ោះ នៅក្នុងទ្វីប អាហ្រ្វិក អាមេរិក និងអាស៊ីប៉ាស៊ីហ្វិក។បច្ចុប្បន្ននេះ វីរុស Zikaកំពុងរាត្បាតនៅប្រទេសក្នុងតំបន់អាមេរិកខាងត្បូងនិងកណ្តាល ហើយការរាត្បាតនេះរីករាលដាលនៅប្រទេសប្រេស៊ីលនៅឆ្នាំ២០១៤។

ជំងឺហ្ស៊ីកានេះឆ្លងតាមរយៈមូសខ្លាខាំ ដែលជាប្រភេទមូសបង្កឲ្យមាន ជំងឺគ្រុនឈាមនិងមានរោគសញ្ញាស្រដៀងនឹងជំងឺគ្រុនឈាមដែរ មានដូចជា៖គ្រុនក្តៅ ឈឺក្បាល មានកន្ទួលក្រហមលើស្បែក ក្រហមភ្នែក និងឈឺសន្លាក់ ជាដើម។ ភាគច្រើននៃជំងឺនេះ និងជាសះស្បើយឡើងវិញក្នុងអំឡុង២ទៅ៧ថ្ងៃ និងមានអត្រាស្លាប់មានកំរិតតិចតួចណាស់។​ មាន​ករណី​តិចតួចបំផុត ដែលអាចវិវត្តន៍ទៅជាទន់ដៃទន់ជើងហើយបើកើតមានលើស្រ្តីមានផ្ទៃពោះ គឺអាចឲ្យទារកស្លាប់ក្នុងផ្ទៃ ឬក្បាលទារកអាច​តូចជាង​ធម្មតា។នៅព្រះរាជាណាចក្រ​កម្ពុជាជំងឺនេះធ្លាប់បានរកឃើញ​​មួយករណីដែរកាលពីឆ្នាំ២០១០ ប៉ុន្តែអ្នកជំងឺ​បាន​​ជាសះស្បើយ ហើយចាប់ពីពេលនោះមកដល់បច្ចុប្បន្ន​នេះ ​ពុំរកឃើញមានករណីបែបនេះទៀតទេ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ “មិនមានករណីជំងឺហ្ស៊ីកានៅក្នុងព្រះរាជាណាចក្រកម្ពុជា”នៅឡើយទេ ហើយ ក្រសួងសុខាភិបាល កំពុងបន្តតាមដានស្ថានភាពឆ្លងនៃជំងឺនេះដោយយកចិត្តទុកដាក់បំផុត។ ហានិភ័យបណ្តាលមកពីជំងឺហ្ស៊ីកានេះនៅក្នុងប្រទេសកម្ពុជា នៅមានកំរិតទាបបំផុតនៅឡើយ តែយើង ក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ដោយសូមឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការ ទប់ស្កាត់ និង បង្ការការចម្លងជំងឺហ្ស៊ីកានេះដូចជាការពារជំងឺគ្រុនឈាមដែរដោយការពារខ្លួនកុំឲ្យមូសខ្លាខាំ ហើយ ចូលរួមបំបាត់ជម្រកមូសខ្លា ដូចជាធ្វើអនាម័យសំអាតជុំវិញផ្ទះ ការពារកុំឲ្យមានទឹកដក់នៅជុំវិញផ្ទះលុបបំបាត់សំបកកំប៉ុង-សំបកកង់ឡាន-ត្រឡោកដូង ជាដើម។

 

ទាញយកសេចក្តីប្រកាស់ទាំងស្រុង នៅទីនេះ