Date: 03/Mar/2017 | updated: 14/Mar/2017

H5N1 Mar 2017នៅថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ២០១៧ នៅប្រទសម៉ាឡេសុី រកឃើញជំងឺផ្តាសាយបក្សីលើសត្វបក្សី និង នៅថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ នៅប្រទេសវៀតណាម មានការផ្ទុះឡើងវិញនៃជំងឺផ្តាសាយបក្សី ដែលបានសំលាប់និងដុតចោលសត្វបក្សីជាច្រើន តែពុំទាន់រកឃើញឆ្លងមកមនុស្សនៅឡើយទេ ។ ដោយឡែកនៅដើមឆ្នាំ២០១៧នេះ ប្រទេសយើង ក៏បានរកឃើញមានការរីករាលដាលឡើងវិញ នៃជំងឹផ្តាសាយបក្សីលើសត្វបក្សីក្នុងខេត្តស្វាយរៀង តែពុំបានរកឃើញករណីជំងឺផ្តាសាយនៅលើមនុស្សនៅឡើយដែរ ។ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់អំពីការចំលងជំងឺនេះ ជាពិសេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ សូមបងប្អូនប្រុងប្រយ័ត្នជានិច្ចអំពីការចំលងជំងឺផ្តាសាយបក្សី ។ សំខាន់សូមកុំយកមាន់ ទា ឬសត្វបក្សីឈឺឬងាប់ មករៀបចំជាអាហារ ឫលក់បន្ត ត្រូវអនុវត្តអនាម័យក្នុងការ បោចរោម និង ចំអិនជាប់ជានិច្ច ។ សូមរំលឹកថា ចាប់តាំងពីឆ្នាំ ២០០៥ ដល់ ២០១៤ ក្នុងប្រទេសយើងធ្លាប់កើតមានជំងឺផ្តាសាយបក្សី ដែលបានឆ្លងពីសត្វបក្សីមកមនុស្សចំនួន៥៦ករណីដែលក្នុង នោះ ៣៧ ករណីបានស្លាប់ ។ ដោយឡែកគ្រាន់តែឆ្នាំ ២០១៣ មានឆ្លងលើមនុស្សចំនួន ២៦ករណី ដែលក្នុងនោះមាន ១៤ករណីបានស្លាប់ និង ក្នុងឆ្នាំ២០១៤ មាន ៩ករណី និង ៤ករណីបានស្លាប់ ។ បុគ្គលដែលមានរោគសញ្ញាគ្រុនក្តៅ លើសពី ៣៨.៥ អង្សារសេ និងមានរោគសញ្ញា ក្អក ឬ ឈឺក ឬ ដកដង្ហើម ហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃមុនចេញរោគសញ្ញា ចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺ ទៅមណ្ឌល់សុខភាព ឬមន្ទីរពេទ្យជិតបំផុតដើម្បីធ្វើការព្យាបាល យើងមានឱសថសំរាប់ព្យាបាលជំងឺនេះ ។
- ពត៌មានបន្ថែមសូម ទាក់ទងទូរស័ព្ទលេខ ១១៥ ។
- សូមទស្សនាភាពយន្តខ្លី អំពីសារអប់រំអំពីការបង្ការជំងឺផ្តាសាយបក្សី ជូនភ្ជាប់មកជាមួយនេះ ។
អ្នកនាំពាក្យក្រសួងសុខាភិបាល

H5N1 vdo14 Mar 17