Date: 23/July/2017

MoH minister 23Jul17(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម​ ប៊ុនហេង នៅថ្ងៃទី២៣ ខែកក្កដានេះ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ពីប្រទេសបារាំងថា ក្នុងឱកាសដែលលោក បានអញ្ជើញចូលរួម កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ នៅទីក្រុងប៉ារីស ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តន៍ ជាសកលក្នុងការសម្រេចទិសដៅ ៩០-៩០-៩០ គឺកម្ពុជាទទួលបានការលើកសរសើរ ពីលោក Michel sidibe នាយកប្រត្តិបត្តិ អង្គការសហប្រជាជាតិ ប្រយុទ្ធនឹងជំងឺអេដស៏ ពីភាពជោគជ័យនៃការសម្រេចបាន ៣ឆ្នាំ មុនគោលដៅ នៃទិសដៅ ៩០-៩០-៩០ នៅក្នុងពិភពលោក។

ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងទៀតថា ក្នុងឱកាសលោកចូលរួមកិច្ចប្រជុំ ថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីពិនិត្យមើលវឌ្ឍនភាព នៃការអនុវត្តន៍ជាសកល ក្នុងការសម្រេចទិសដៅ ៩០-៩០-៩០ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ​ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តមក៏បានចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការអនុវត្តបានសម្រេចនូវទិសដៅ​ ៩០-៩០-៩០​ ដោយជោគជ័យ ដោយសារមានការបេជ្តាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានផែនការយុទ្ធសាស្រ្តប្រត្តិបត្តិត្រឹមត្រូវ ច្បាស់លាស់ និងការចូលរួមយ៉ាងសកម្ម ពីគ្រប់ភាគីពាក់ពន្ធ័ទាំងអស់ផងដែរ។​

វេទិកានេះដែរ មានការអញ្ជើញចូលរួមពី រដ្ឋមន្រ្តីសុខាភិបាល ប្រទេសបូស្វាណា​ ប៉ាណាម៉ា​ លីសូតូ​, នាយកប្រត្តិបត្តិអង្គការសហប្រជាជាតិ ប្រយុទ្ធនឹងជំងឺអេដស៏​ លោក Michel sidibe, អនុប្រធានសភាប្រទេសលុចសំបួរ​ នាយកប្រត្តិបត្តិនៃអង្គការ មូលនិធិសកល និង​ PEPFAR​ និងលោកសាស្រ្តាចារ្យ ​Jean François Delfraissy នាយកគណកម្មការក្រមសីលធម៌ សម្រាប់វិទ្យាសាស្ត្រជីវិត និងសុខភាព នៃប្រទេសបារាំង ព្រមទាំងអ្នកស្រាវជ្រាវវិទ្យាសាស្រ្ត​ អ្នកធ្វើគោលនយោបាយ​ និងតំណាងសហគមន៍​អន្តរជាតិប្រយុទ្ធនឹងជំងឺអេដស៏ នៅក្នុងពិភាពលោកចំនួនជាង២០០នាក់។​

គួររម្លឹកថា ទិសដៅ ៩០-៩០-៩០ ដែលត្រូវបានមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា បានកំណត់ភាគរយ តាមដំណាក់កាល ៣ចំណុច រួមមាន៖

ដំណាក់កាលទី១៖ ត្រូវកំណត់ចំនួនអ្នកផ្ទុកមេរោគអេដស៍ ក្នុងប្រទេសឲ្យបាន៩០% នៃចំនួនអ្នកផ្ទុកមេរោគអេដស៍សរុប។

ដំណាក់កាលទី២៖ ត្រូវព្យាបាលអ្នកផ្ទុកមេរោគអេដស៍ឲ្យបាន៩០% នៃចំនួនអ្នកផ្ទុកមេរោគអេដស៍ ដែលបានរកឃើញខាងលើ។

ដំណាក់កាលទី៣៖ ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ ដែលទទួលបានការព្យាបាលខាងលើ រដ្ឋត្រូវសម្រេចឲ្យបានលទ្ធផល ៩០% ដែលពិនិត្យមើលទៅសឹងតែគ្មានកំហាប់ នៃមេរោគអេដស៍ ក្នុងរាង្គកាយអ្នកផ្ទុក៕