Date: 19/August/2017

Video 19 08 2017ធនាគារពិភពលោកនៅកម្ពុជា បានចុះផ្សាយក្នុងគេហទំព័ររបស់ខ្លួន បង្ហាញពីការទទួលស្គាល់ វឌ្ឍនភាពនិងដំណើររីកចម្រើននៃវិស័យសុខាភិបាលរបស់កម្ពុជា ជាពិសេសការយកចិត្តទុកដាក់ លើការគាំពារសុខភាពប្រជាជនក្រីក្រ និងជនងាយរងគ្រោះដូចជាជនចាស់ជរា និងជនពិការជាដើម។ នៅក្នុងអត្ថបទរបស់ធនាគារពិភពលោកចុះផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ បានឆ្លុះបញ្ចាំងពីការគិតគូរអំពីអនាគតរបស់កុមារកម្ពុជា ដោយបានធ្វើឲ្យមានវឌ្ឍនភាពខ្លាំង ក្នុងការថែទាំសុខភាពរបស់ពួកគេ។ អត្រាស្លាប់របស់ម្តាយ និងកុមារបានថយចុះយ៉ាងច្រើន ហើយបច្ចុប្បន្ននេះ មានមន្ទីរពេទ្យ មណ្ឌលសុខភាព និងប៉ុស្តិសុខភាពនៅទូទាំងប្រទេស កំពុងផ្តល់សេវាសុខាភិបាល ប្រកបដោយសមធ៌ម គុណធ៌ម ប្រសិទ្ធិភាព និងគុណភាពដែលប្រជាពលរដ្ឋ បាននិងកំពុងប្រើប្រាស់ដ៏ច្រើនសន្ធឹកសន្ធាប់។ ធនាគារពិភពលោកក៏បានលើកឡើងផងដែរថា ស្ថានភាពគឺពិតជាខុសប្លែកគ្នាក្នុងរយៈពេល២០ឆ្នាំកន្លងទៅ នៅពេលដែលការទទួលបានសេវាសុខភាព គឺមានជួបឧបសគ្គសម្រាប់ប្រជាជនក្រីក្រ និងអ្នករស់នៅជនបទដាច់ស្រយ៉ាល។ តាមរយៈមូលនិធិសមធម៌ ប្រជាជនក្រីក្រជាង ៣ លាននាក់ ដែលពេលនេះបានទទួលការពិនិត្យថែទាំ និងព្យាបាលដោយរដ្ឋជាអ្នកបង់ថ្លៃជួស។

គួរកត់សំគាល់ថា ការគាំពារផ្នែកសុខភាពជូនដល់ជនក្រីក្រជនចាស់ជរាគ្មានទីពឹង និងជនពិការ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ការគាំទ្រនិងយកចិត្តទុកដាក់ដោយបានពង្រីកការអនុវត្តន៌គំរោងមូលនិធិសមធ៌មនៅទូទាំងប្រទេស និងកំពុងអនុវត្តការគាំពារសុខភាពសង្គមជូនដល់កម្មករ កម្មការីនីបម្រើការងារនៅតាមរោងចក្រ សហគ្រាស ព្រមទាំងបានដាក់ចេញនូវគោលនយោបាយគាំពារសុខភាពជូនដល់មន្ត្រីសាធារណ:។

ដំណើរការវិវត្តន៌ក្នុងវិស័យសុខាភិបាលនេះ បានបង្ហាញច្បាស់ពីសុឆន្ទ: និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ ក្នុងការបំពេញភារកិច្ច កសាងវិស័យនេះ តាំងពីបាតដៃទទេររហូតមានការរីកចម្រើនដូចបានលើកឡើងក្នុងអត្ថបទរបស់ធនាគារពិភពលោក ដែលព័ត៌មានលំអិតមានដូចភ្ជាប់ជាមួយខាងក្រោមនេះស្រាប់។

ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់លទ្ធភាពនិងថវិកាដើម្បីអនុវត្តកិច្ចការដ៏លំបាកលំបិននេះ រហូតទទួលបានវឌ្ឍភាពនិងរីកចម្រើនដូចបច្ចុប្បន្ននេះ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រហើយក៏សូមអរគុណដល់ដៃគូអភិវឌ្ឍទាំងអស់ដែលបានជួយវិស័យសុខាភិបាលកម្ពុជា រួមចំណែកក្នុងការធ្វើឲ្យមានភាពល្អប្រសើរឡើងនូវសុខភាពប្រជាជនកម្ពុជា ។

ព័ត៌មានបន្ថែម សូមចុចមើល link ខាងក្រោមនេះ និងទស្សនាវីដេអូឃ្លីបភ្ជាប់ជាមួយ។

www.worldbank.org/cambodia

ព័ត៌មានដកស្រង់ចេញពីគេហទំព័រធនាគារពិភពលោកនៅកម្ពុជា។