Date: 08/September/2017

MoH logo1

ព័ត៌មានស្តីពីការបង្ការបញ្ហាសុខភាព បណ្តាលមកពីការពុលអាហារ និងពុលស្រាក្នុងកំឡុងពិធី បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ

ដើម្បីចូលរួមបង្ការសុខភាព ដែលបណ្តាលមកពីការពុលចំណីអាហារ និងពុលស្រា នាឱកាសដែលបងប្អូន​ប្រជាពលរដ្ឋអញ្ជើញ​ចូលរួម​ក្នុងពីធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ខែកញ្ញា ដល់ថ្ងៃទី២០ ខែកញ្ញា​ ឆ្នាំ២០១៧ នេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវ​ដល់​សាធារណជនទាំងអស់ឱ្យចូលរួម​អនុវត្តន៍ វិធាន​ការបង្ការដើម្បីសុខភាពល្អ ចៀសផុតពីបញ្ហាសុខភាពបណ្តាល​​មកពីការពុលអាហារ ពុលស្រា និងជំងឺឆ្លងផ្សេងៗ ដែល​បង្កឡើង ដោយចំណីអាហារគ្មានអនាម័យទឹកកខ្វក់ ដែល​មាន​មេរោគបាក់តេរីវីរុស ប៉ារ៉ាស៊ីតឬ​សារធាតុគីមី ។...

ទោះបីជារដ្ឋាភិបាលរបស់បណ្តាប្រទេសនានានៅលើពិភពលោក បាននិងកំពុងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពនៃការ​​ផ្គត់ផ្គង់ស្បៀងអាហារ ប៉ុន្តែការកើតឡើងនៃអាការសុខភាពបណ្តាល​​មកពីការពុលអាហារនៅតែជាបញ្ហាសុខភាព​​មួយយ៉ាងសំខាន់ទាំងក្នុងប្រទេសកំពុងអភិវឌ្ឍន៍និងអភិវឌ្ឍន៍

 

ការពុលចំណីអាហារភាគច្រើនបណ្តាល​មកពីការ​រៀបចំអាហារមិនមានអនាម័យល្អ ទាំងក្នុងចំណីអាហារ និងអ្នករៀបចំទុក ដាក់ និងការចែកចាយចំណីអាហារ និងការពិសាស្រាដែលបានផលិត ឬបានបិត ដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ។​ រោគសញ្ញា​ ដែល​បណ្តាលឲ្យពុលចំណីអាហារមានដូចជា ក្អួត ចង្អោរ រាក រាកមួល ដែលអាច គ្រោះថ្នាក់ដល់ អាយុជីវិតបាន ។ ការពុលស្រាបណ្តាលឱ្យមាន​រោគសញ្ញា​​​ដូចជា ឈឺក្បាល ក្អួត, ឈឺពោះវិលមុខ​ងងឹតភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម​ និងអាច​វិវត្ត​ទៅស្លាប់បាន ។ លទ្ធផលវិភាគសំណាកស្រាស ដែលទទួលបានពីទីកន្លែងដែលកើត ហេតុ​របស់​មន្ទីរពិសោធន៍ជាតិ​នៃ​ក្រសួងសុខាភិបាលបានរកឃើញថា ស្រាស ឬស្រាថ្នាំ ដែលបងប្អូនប្រជាពលរដ្ឋបានពិសា​ក្នុងតំបន់​ដែលកើត​ហេតុនាពេលកន្លងមក មានសារជាតិមេតាណុលកម្រិតខ្ពស់ ដែលធ្វើឱ្យពុល។ ដូច្នេះ សូមបង ប្អូនប្រជាពលរដ្ឋ បញ្ឈប់ជាបន្ទាន់នូវការបរិភោគ ស្រាស ឬស្រាថ្នាំ ដែលទិញពីប្រភពមិនច្បាស់លាស់ និងដែលផលិតដោយ គ្មានការត្រួតពិនិត្យត្រឹមត្រូវ។​

           

ឯកឧត្ដមវេជ្ជ. ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល​មានប្រសាសន៍ថា គ្រប់ៗគ្នា ​ចាប់​តាំងពីអ្នកបរិភោគ​​រហូតដល់អ្នកបំរើអាហារ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់សុវត្ថិភាពអាហារ ចាប់តាំងពីការអនុវត្តន៍អនាម័យ ដើម្បីសុវត្ថិភាពអាហារ រហូតដល់ការរៀនពីរបៀបថែរក្សាពេលចម្អិនអាហារជាក់លាក់។ ខ្ញុំចង់លើកទឹកចិត្តគ្រប់គ្នាអនុវត្ត នូវការប្រុងប្រយ័ត្នដ៏សាមញ្ញមួយចំនួន នៅពេលដែលកាន់និងរៀបចំម្ហូបអាហារដែលអាចការពារអ្នកគ្រប់គ្នានិងក្រុមគ្រួសារពីការឈឺ

.   ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាតនិងឆ្អិនជានិច្ច

    ២.​   ត្រូវលាងដៃនឹងសាប៊ូ មុនពេលនិងអំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ និងក្រោយបន្ទោរបង់

៣.​   លាងសំអាតបន្លែផ្លែឈើឲ្យបានស្អាតមុនបរិភោគ

៤.   សំអាតសម្ភារៈប្រើសម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ

៥.   ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុតនិងអាហារសមុទ្រ

៦.   ទុកដាក់ចំណីអាហារឆៅនិងឆ្អិនដាច់ដោយឡែកពីគ្នា

.   កុំរក្សាទុកអាហារក្នុងកំដៅធម្មតាលើសពី២ម៉ោង

៨.   មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ

ក. បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធត្រជាក់គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព​៥អង្សាសេ

ខ. បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធកំដៅគឺត្រូវឲ្យលើសពីសីតុណ្ហភាព៦០អង្សាសេ

៩.   កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់។

ចំពោះការពុលស្រា ក្រសួងសុខាភិបាលសូមណែនាំចំពោះមនុស្សពេញវ័យទាំងអស់សូមពិសាគ្រឿងស្រវឹងក្នុងកំរិត​​តិចតួច និងហាមពិសាគ្រឿងស្រវឹងក្នុងពេលបើកបរ ឬបញ្ជាគ្រឿងម៉ាស៊ីន​​​។​ បើមានរោគសញ្ញានៃការពុលស្រា​​ដូចរៀបរាប់ខាងលើ សូមស្វែងរក​ដំបូន្មាន​ជាបន្ទាន់នៅមណ្ឌលសុខភាព ឬ​មន្ទីរពេទ្យដែលនៅជិតផ្ទះរបស់លោកអ្នក។

ក្រសួងសុខាភិបាលសូមលើកទឹកចិត្តឲ្យសាធារណជនទូទៅអនុវត្តតាមដំបូន្មានសាមញ្ញខាងលើដើម្បីការពារអ្នក​​និងក្រុមគ្រួសារ និងសូមជូនពរអ្នកទាំងអស់គ្នាជួបនូវសុខភាពល្អក្នុងពីធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌខាងមុខ    

ក្រសួងសុខាភិបាល និងបន្ដធ្វើការជូនដំណឹងដល់សាធារណជន អំពីការអភិវឌ្ឍន៍នៃ​បញ្ហា​សុខភាពតាម​គេហ​ទំព័ររបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង www.cdcmoh.gov.kh ដែល​គេហទំព័រនេះមានសំភារៈ​អប់រំ​សុខភាព ដែលអាចទាញយក មកមើលបាន។

សំរាប់ព័ត៌មានបន្ថែមទៀតសូមទាក់ទងៈ

ក្រសួងសុខាភិបាល                                             អង្គការសុខភាពពិភពលោក

វេជ្ជ. លី សូវ៉ាន់    ៖ ០១២ ៨២៥ ៤២៤                 លោកស្រី វិចគី ហោសសែ ៖ ៨៥៥-១២ ៤៧១ ៩០៤

_________________________

Download: សេចក្តីប្រកាសដើម