Date: 14/February/2018

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមជំរាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ថ្មីៗនេះមានការផ្ទុះជំងឺផ្ដាសាយបក្សី H5N1 កើតលើសត្វបក្សីជាបន្តបន្ទាប់គឺផ្ទុះនៅស្រុកព្រៃឈរ និងស្រុកចំការលើ ខេត្តកំពង់ចាម ស្រុកស្ទោង ខេត្តកំពុងធំ ខ័ណ្ឌសែនសុខ រាជធានីភំ្នពេញ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងថ្មីនេះទៀតនៅស្រុកបាភ្នំ ខេត្តព្រៃវែង ករណីផ្ទុះទាំងអស់ខាងលើនេះ ពុំទាន់រកឃើញមានការឆ្លងមកលើមនុស្សនៅឡើយទេ តែមន្រ្តីជំនាញក្រសួងសុខាភិបាល កំពុងបន្តតាមដានស្ថានភាពជំងឺ យ៉ាងយកចិត្តទុកដាក់បំផុតចំពោះសុខភាពមនុស្ស សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់អំពីការចំលងជំងឺនេះ ជាពិសេស ក្នុងពិធីបុណ្យផ្សេងៗ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ សូមបងប្អូនប្រុងប្រយ័ត្នជានិច្ច អំពីការចំលងជំងឺផ្តាសាយបក្សី ។ សំខាន់សូមកុំយកមាន់ ទា ឬសត្វបក្សីឈឺឬងាប់ មករៀបចំជាអាហារ ឫលក់បន្ត ត្រូវអនុវត្តអនាម័យក្នុងការ បោចរោម និង ចំអិនជាប់ជានិច្ច និងរាយការណ៏ជាបន្ទាន់ទៅមន្រ្តីជំនាញ ។ សូមរំលឹកថា ចាប់តាំងពីឆ្នាំ ២០០៥ ដល់ ២០១៤ ក្នុងប្រទេសយើង ធ្លាប់កើតមានជំងឺផ្តាសាយបក្សី ដែលបានឆ្លងពីសត្វបក្សីមកមនុស្ស ចំនួន៥៦ករណីដែលក្នុង នោះ ៣៧ ករណីបានស្លាប់ ។ ដោយឡែកគ្រាន់តែឆ្នាំ ២០១៣ មានឆ្លងលើមនុស្សចំនួន ២៦ករណី ដែលក្នុងនោះមាន ១៤ករណីបានស្លាប់ និង ក្នុងឆ្នាំ២០១៤ មាន ៩ករណី និង ៤ករណីបានស្លាប់ ។ បុគ្គលដែលមានរោគសញ្ញាគ្រុនក្តៅ លើសពី ៣៨.៥ អង្សារសេ និងមានរោគសញ្ញា ក្អក ឬ ឈឺក ឬ ដកដង្ហើម ហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃមុនចេញរោគសញ្ញា ចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺ ទៅមណ្ឌល់សុខភាព ឬមន្ទីរពេទ្យជិតបំផុតដើម្បីធ្វើការព្យាបាល យើងមានឱសថសំរាប់ព្យាបាលជំងឺនេះ ។
សូមទស្សនាកិច្ចសម្ភាសក៏ស្តីអំពីវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺផ្តាសាយបក្សី H5N1 ។
ពត៌មានបន្ថែមសូម ទាក់ទងទូរស័ព្ទលេខ ១១៥ ។
អ្នកនាំពាក្យក្រសួងសុខាភិបាល ៕

BTV Interview  H5N1 clip 13 02 2018.sm