Date: 18/May/2018

ថ្មីៗនេះមានការរាតត្បាតឡើងវិញ នៃជំងឺអេបូឡា នៅសាធារណៈរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ ក្នុងទ្វីបអាហ្រ្វិក ដែលរហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នេះមានចំនួនអ្នកឈឺសរុបចំនួន ៤៥នាក់ ដែលក្នុងនោះ ២៣នាក់បានស្លាប់ ។ ក្រោយពីទទួលបានរបាយការណ៌ពីអង្គការសុខភាពពិភពលោក ស្តីពីការផ្ទុះឡើងវិញនៃជំងឺអេបូឡានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានចាត់វិធានការដោយ ពង្រឹងវិធានការបង្ការ និងត្រៀមឆ្លើយតបជំងឺអេបូឡា ។
វិធានការទាំងនោះរួមមាន ៖
១. ផ្តល់ពត៌មាន អំពីការរាតត្បាតជំងឺអេបូឡា នៅប្រទេសកុងហ្គោ ដល់ក្រុមមន្រ្តីឆ្លើយតបបន្ទាន់ នៅទូទាំងប្រទេស និងវិធានការ ធ្វើការតាមដាន និងឆ្លើយតបឆាប់រហ័ស
២. ណែនាំដល់មន្រ្តីចត្តាឡីស័ក ដែលបំរើការងារតាមព្រំដែនគោក ទឹក និងអាកាសយាន្តដ្ឋាន ស្តីពីការតាមដានសុខភាពអ្នកដំណើរទាំងអស់ ជាពិសេស អ្នកដំណើរមកពីទ្វីបអាហ្រ្វិក និងអនុវត្តន៏តាមវិធានការ បង្ការនិងឆ្លើយតប ជំងឺអេបូឡាដែលមានស្រាប់
៣. បានធ្វើការចែកចាយសម្ភារៈអប់រំ ស្តីពីរបៀបបង្ការ និងឆ្លើយតបជំងឺអេបូឡា ដល់មន្រ្តីឆ្លើយតបបន្ទាន់នៅទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយបន្ត
៤. សូមសំណូមពរដល់ប្រជាជន ដែលមានប្រវត្តិធ្វើដំណើរ មកពីប្រទេសក្នុងទ្វីបអាហ្រិក ហើយមានរោគសញ្ញាដូចជា គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ ឈឺសាច់ដុំ អស់កំលាំង ក្អួត កន្ទួលក្រហមឬចេញឈាម សូមអញ្ជើញទៅមន្ទីរពេទ្យ ដែលនៅជិតបំផុត ឬទាក់ទងលេខទូរស័ព្ទ ១១៥ ដើម្បីធ្វើការព្យាបាលជាបន្ទាន់ និងជៀសវាងចំលងជំងឺ ទៅសមាជិកគ្រួសារ និងអ្នកដទៃ ។
យើងខ្ញុំនឹងបន្តជូនដំណឹង ដល់សាធារណៈជន អំពីការវិវត្តិនៃជំងឺអេបូឡា នៅប្រទេសកុងហ្គោ តាមរយៈគេហទំព័រ www.cdcmoh.gov.kh និងផេចហ្វេសប៊ុកឈ្មោះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ៕
ពត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ ១១៥

Ebola 05.2018 a   Ebola 05.2018 b