Date: 16/September/2019

Food poisioning115ដើម្បីចូលរួមបង្ការសុខភាព ដែលបណ្តាលមកពីការបរិភោគ ចំណីអាហារ និងពិសាស្រា នាឱកាសដែលបងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមក្នុងពីធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ នេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវ ដល់សាធារណជនទាំងអស់ ឲ្យចូលរួម អនុវត្តវិធានការបង្ការ ដើម្បីសុខភាពល្អ ចៀសផុតពីបញ្ហាសុខភាព បណ្តាលមកពីការបរិភោគ ចំណីអាហារ ដែលនាំឲ្យក្អួត រាក និងការពិសាស្រានិងជំងឺឆ្លងផ្សេងៗ ដែលបង្កឡើងដោយចំណីអាហារ គ្មានអនាម័យ ឬទឹកកខ្វក់ ដែលមានមេរោគ បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬសារធាតុគីមី ។

ការពុលចំណីអាហារ ភាគច្រើនបណ្តាលមកពី ការរៀបចំអាហារមិនមានអនាម័យល្អ ទាំងក្នុងចំណីអាហារ និងអ្នករៀបចំទុកដាក់ និងការចែកចាយចំណីអាហារ និងការពិសាស្រា ដែលបានផលិត ឬបានបិត ដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ។ រោគសញ្ញា ដែលបណ្តាលឲ្យពុលចំណីអាហារ មានដូចជា ក្អួត ចង្អោរ រាក រាកមួល ដែលអាចគ្រោះថ្នាក់ដល់ អាយុជីវិតបាន ។ ការពុលស្រាបណ្តាលឲ្យមាន រោគសញ្ញាដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ងងឹតភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម និងអាចវិវត្តទៅស្លាប់បាន ។ លទ្ធផលវិភាគសំណាកស្រាស ដែលទទួលបានពីទីកន្លែង ដែលកើតហេតុរបស់មន្ទីរពិសោធន៍ជាតិ នៃក្រសួងសុខាភិបាលបានរកឃើញថា ស្រាស ឬស្រាថ្នាំ ដែលបងប្អូនប្រជាពលរដ្ឋ បានពិសាក្នុងតំបន់ដែលកើតហេតុនាពេលកន្លងមក មានសារជាតិមេតាណុលកម្រិតខ្ពស់ ដែលធ្វើឱ្យពុល។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ បញ្ឈប់ជាបន្ទាន់នូវការបរិភោគ ស្រាស ឬស្រាថ្នាំ ដែលទិញពីប្រភពមិនច្បាស់លាស់ និងដែលផលិតដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ។​

សូមបងប្អូនអនុវត្ត តនូវការប្រុងប្រយ័ត្នដ៏សាមញ្ញមួយចំនួន នៅពេលដែលកាន់និងរៀបចំម្ហូបអាហារ ដែលអាចការពារអ្នកគ្រប់គ្នានិងក្រុមគ្រួសារពីការឈឺ ៖
១. ​ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាតនិងឆ្អិនជានិច្ច
២.​ត្រូវលាងដៃនឹងសាប៊ូ មុនពេលនិងអំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ និងក្រោយបន្ទោបង់។
៣. ​លាងសំអាតបន្លែ ផ្លែឈើឲ្យបានស្អាតមុនបរិភោគ
៤. ​សំអាតសម្ភារប្រើសម្រាប់ចម្អិន ម្ហូបអាហារឲ្យបានត្រឹមត្រូវ
៥.​ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ ។
៦.​ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា ។
៧. ​កុំរក្សាទុកអាហារក្នុងកំដៅធម្មតា លើសពី២ម៉ោង
៨. ​មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាព សុវត្ថិភាពក៏ដោយ
ក. បើយើងរក្សាទុកអាហារ ក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព ៥អង្សាសេ
ខ. បើយើងរក្សាទុកអាហារ ក្នុងប្រព័ន្ធកំដៅ គឺត្រូវឲ្យលើសពីសីតុណ្ហភាព៦០អង្សាសេ
៩. ​កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់។

ចំពោះការពុលស្រា ក្រសួងសុខាភិបាលសូមណែនាំ ចំពោះមនុស្សពេញវ័យទាំងអស់ សូមពិសាគ្រឿងស្រវឹងក្នុង កំរិតតិចតួច និងហាមពិសាគ្រឿងស្រវឹង ក្នុងពេលបើកបរ ឬបញ្ជាគ្រឿងម៉ាស៊ីន។ បើមានរោគសញ្ញានៃការពុលស្រា ដូចរៀបរាប់ខាងលើ សូមស្វែងរកដំបូន្មានជាបន្ទាន់ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះរបស់លោកអ្នក។

នាយកដ្ឋាន សូមលើកទឹកចិត្តឲ្យសាធារណជនទូទៅ អនុវត្តតាមដំបូន្មានសាមញ្ញខាងលើ ដើម្បីការពារអ្នកនិងក្រុមគ្រួសារ និងសូមជូនពរអ្នកទាំងអស់គ្នាជួបនូវសុខភាពល្អ ក្នុងពីធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌខាងមុខ។​

សំរាប់ព័ត៌មានបន្ថែម៖ សូមទាក់ទងលេខទូរស័ព្ទ ទាន់ហេតុការណ៍ដោយឥតគិតថ្លៃ 115 ទោះគ្មានថវិកា​ក្នុង​ទូរស័ព្ទ​​របស់អ្នក ​ក៏អាចទូរស័ព្ទចូលបានដែរ។

 Pchum Ben wishes 09 2019.sm