Date: 21/February/2020

បកប្រែពីអង្គការសុខភាពពិភពលោក៖

អង្គការសុខភាពពិភពលោក(WHO) កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា​ និងដៃគូបច្ចេកទេសរួមមាន៖ មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងនៃសហរដ្ឋអាមេរិក(US-CDC) និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីឆ្លើយតបទៅនឹងហេតុការណ៍សុខភាពសាធារណៈពាក់ព័ន្ធនឹងនាវាហូឡង់អាមេរិក MS Westerdam ដឹកអ្នកដំណើរទេសចរណ៍ដ៏ធំមួយក្នុងបរិបទនៃការឆ្លងរាលដាលវីរុសកូរ៉ុណា (COVID-19)។

បន្ទាប់ពីនាវាបានជាប់នៅលើផ្ទៃសមុទ្រអស់រយះពេលប៉ុន្មានថ្ងៃកន្លងមក រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមទទួលសំណើរសុំចតរបស់នាវាវេស្ទឺដាមដែលផ្ទុកមនុស្សចំនួន២២៥៧នាក់លើនាវា ដោយយោងលើកក្តាមួយចំនួនលើនាវាដូចជាតម្រូវការផ្សេងៗសម្រាប់អ្នកធ្វើដំណើរ និងការពិចារណាទៅលើលក្ខណៈមនុស្សធម៌ផង។

បន្ទាប់ពីចូលចតនៅកំពង់ផែក្រុងព្រះសីហនុកាលពីថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការសម្រេចចិត្តមួយ ក្នុងការអនុញ្ញាតឱ្យអ្នកដំណើរចុះពីនាវាមកក្រោមដោយផ្អែកលើវិធានការណ៍ដូចខាងក្រោម៖
• សេចក្តីប្រកាសនៃនាវាចរណ៍នៅដែនសមុទ្រស្តីពីសុខភាពដែលត្រូវបានទទួលស្វាគមន៍ដោយអាជ្ញាធរកំពង់ផែដែលបញ្ជក់ថាមានមនុស្ស១៨នាក់នៅលើនាវាធំនេះបានធ្លាក់ខ្លួនឈឺក្នុងកំឡុងពេលធ្វើដំណើរ​។ នៅក្នុងការបំពេញទម្រង់ប្រកាសពីសុខភាពដែលចេញដោយក្រសួងសុខាភិបាលក៏ត្រូវបានបំពេញដោយម្នាក់ៗគ្រប់គ្នាផងដែរ។ តែសំណាកត្រូវបានគេរកឃើញមនុស្ស២០នាក់ដែលបានរាយការណ៍ថាមានជំងឺដូចជាគ្រុនផ្តាសាយស្រាល ឬរោគសញ្ញានៃក្រពះ និងពោះវៀន ទាំងពេលបច្ចុប្បន្ន(កំពុងពិនិត្យសុខភាព) និងទាំងពេលពួកគេបានធ្វើដំណើរផងដែរ។ សំណាកទាំងអស់ដែលបានធ្វើតេស្តិ៍ឃើញមានលទ្ធផលអវិជ្ជមាន (មិនមានមេរោគកូរ៉ូណា COVID-19 នេះទេ) នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាមុនពេលអនុញ្ញតិឱ្យចុះពីនាវានេះ។
• មុនពេលអនុញ្ញតឱ្យចុះពីនាវា អ្នកដំណើរទាំងអស់បានឆ្លងកាត់ម៉ាស៊ីនត្រួតពិនិត្យវ៉ាស់សីតុណ្ហភាពដែលបំពាក់ឡើងដោយក្រសួងសុខាភិបាល និងមន្ត្រីសុខាភិបាលសាធារណៈថ្នាក់ក្រោមជាតិ ដែលបានបញ្ជាក់ថាមិនមាននរណាម្នាក់គ្រុនក្តៅខ្លួននោះទេ។
នៅថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ ២០២០ អ្នកដំណើរជាច្រើនបានចាប់ផ្តើមចុះពីនាវាវែស្ទឺដាម Westerdam នៅក្រុងព្រះសីហនុ និងមានរថយន្តក្រុងបានដឹកពួកគេមករាជធានីភ្នំពេញដើម្បីឆ្ពោះទៅកាន់ប្រទេសរបស់ពួកគេវិញ។ ក្រោយមកទៀត អ្នកដំណើរខ្លះត្រូវបានអនុញ្ញាតឱ្យចាកចេញតាមជើងយន្ដហោះរួមទាំងឆ្លងកាត់ទីក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៊ី។

បន្ទាប់ពីត្រួតពិនិត្យសីតុណ្ហភាពដោយអាជ្ញាធរប្រទេសម៉ាឡេស៊ីនៅថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ ២០២០ ស្ត្រីជនជាតិអាមេរិកាំងអាយុ៨៣ឆ្នាំ និងស្វាមីរបស់គាត់បានមកដល់ទីក្រុងគូឡាឡាំពួពីរាជធានីភ្នំពេញ (អ្នកទាំង២ជាអ្នកដំណើរនៅលើនាវា Westerdamនេះ) ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេដើម្បីធ្វើតេស្តរកវីរ៉ុសកូរ៉ូណា (COVID-19) ដោយផ្អែកលើការពិនិត្យសីតុណ្ហភាពនេះហើយ។ ការធ្វើតេស្តស្ត្រីអ្នកដំណើរនេះដោយអាជ្ញាធរម៉ាឡេស៊ីបានរកឃើញលទ្ធផលវិជ្ជមានវីរ៉ុសកូរ៉ូណាថ្មីនេះ COVID-19។ តែស្វាមីរបស់លោកស្រីបានធ្វើតេស្តដែរតែលទ្ធផលអវិជ្ជមាន។ អ្នកដំណើរស្ត្រីអាយុ៨៣ឆ្នាំរូបនេះ នៅតែដាក់ឱ្យនៅឆ្ងាយពីគេនៅទីក្រុងគូឡាឡាំពួហើយស្ថិតក្នុងសភាពធម្មតា។

ជាការឆ្លើយតបទៅនឹងករណីថ្មី ដែលបានបញ្ជាក់នៅប្រទេសម៉ាឡេស៊ី ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានកោះប្រជុំក្រុមការងារសង្គ្រោះបន្ទាន់មួយ ដើម្បីធ្វើការយល់ស្របលើសកម្មភាពអាទិភាពដែលជាតម្រូវការចាំបាច់។ វិធានការសម្រាប់សុខភាពសាធារណៈសំខាន់ៗបានអនុវត្តរួចហើយ និងកំពុងបន្តអនុវត្ត៖
• ការពិនិត្យសុខភាពរបស់មនុស្សនៅលើនាវាវែស្ទឺដាម ដើម្បីរករោគសញ្ញា ដែលបច្ចុប្បន្ននេះអ្នកទាំងនោះកំពុងមកកម្សាន្តនៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ។
• ការធ្វើតេស្តរោគវិនិច្ឆ័យរកវ៉ីរុសកូរ៉ូណា(COVID-19) ចំពោះមនុស្សដែលនៅលើនាវាវ៉ែស្ទឺដាម និងអ្នកដំណើរនាវាទាំងនោះខ្លះ​ទៀតកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជានៅឡើយ។
• ការត្រួតពិនិត្យដោយខ្លួនឯងដើម្បីរករោគសញ្ញាដោយមនុស្សទាំងអស់ដែលនៅលើនាវាវ៉ែស្ទឺដាម អ្នកដែលមានរោគសញ្ញាដូចជាគ្រុនក្តៅ ក្អក ឬពិបាកដកដង្ហើមត្រូវបានស្នើ ឱ្យទាក់ទងមន្ត្រីសុខាភិបាលថ្នាក់ក្រោមជាតិ និងរៀបរាប់នៅប្រវត្តិធ្វើដំណើរថ្មីៗនេះ។

អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងនៃសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងស្ថានទូតពាក់ព័ន្ធនានាបានចូលរួមយ៉ាងសកម្មនៅក្រុងព្រះសីហនុ និងនៅរាជធានីភ្នំពេញគាំទ្រដល់ការឆ្លើយតបរបស់រដ្ឋាភិបាលកម្ពុជា។

ការឆ្លើយតបរបស់អង្គការសុខភាពពិភពលោកចំពោះហេតុការណ៍នាវាវែស្ទឺដាមដឹកអ្នកដំណើរទេសចរណ៍

ដោយមានការសហការនិងសម្របសម្រួលជាមួយដៃគូសំខាន់ៗ អង្គការសុខភាពពិភពលោកកំពុងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសនិងប្រតិបត្តិការដល់ក្រសួងសុខាភិបាលដើម្បីពង្រឹងការឆ្លើយតបសុខភាពសាធារណៈ រួមមាន៖

• ធ្វើការវាយតំលៃហានិភ័យសុខភាពសាធារណៈដើម្បីធ្វើការគ្រប់គ្រងហានិភ័យដោយផ្អែកលើព័ត៌មានដែលមាន និងចំណេះដឹងអំពីមេរោគថ្មីនេះ។
• ផ្តល់ដំបូន្មានរបស់អង្គការសុខភាពពិភពលោក ស្តីពីវិធានការសុខភាពសាធារណៈនៅច្រកចេញចូលអន្តរជាតិ (កំពង់ផែក្រុងព្រះសីហនុ) ។
• សម្របសម្រួលការចែករំលែកព័ត៌មាននិងការយល់ដឹងអំពីស្ថានភាពព្រឹត្តការណ៍ ក្នុងចំណោមប្រទេសជាសមាជិក ស្របតាមនិយតកម្មសុខភាពអន្តរជាតិ (IHR 2005)។
• សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងឆ្លើយតបជាអន្តរជាតិដើម្បីគាំទ្រដល់ការឆ្លើយតបសុខភាពសាធារណៈរបស់ក្រសួងសុខាភិបាលដោយសហការយ៉ាងជិតស្និទ្ធជាមួយ មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក (US CDC) វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងដៃគូសំខាន់ៗដទៃទៀត។
• ផ្តល់ការគាំទ្រផ្នែកបច្ចេកទេសនិងប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងករណីថ្មីដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍នៅក្នុងប្រទេសម៉ាឡេស៊ីដែលទាក់ទងទៅនឹងព្រឹត្តិការណ៍នាវាវឺស្ទាដាម ក្នុងនោះរួមមានការគ្រប់គ្រងអ្នកប៉ះពាល់ ការផ្តល់ប្រឹក្សាសុខភាពសាធារណៈនិងការចែករំលែកព័ត៌មាន ទៅកាន់ប្រទេសដទៃទៀតតាមរយៈការិយាល័យអង្គការសុខភាពពិភពលោក និង ប្រព័ន្ធព័តមានព្រឹត្តការណ៍ IHR 2005 (Event Information Site)។
• ផ្តល់ព័ត៌មានថ្មីៗនិងយោបល់ស្តីពីការត្រៀមរៀបចំ តាមរយៈយន្ដការដែលមានស្រាប់ដូចជាក្រុមការងារបច្ចេកទេសសុខាភិបាលដឹកនាំដោយក្រសួងសុខាភិបាល (TWGH) ក្រុមការងារអង្គការសហប្រជាជាតិ (UNCT) ក្រុមដៃគូសហការផ្នែកសុខភាព (HPG) និងដៃគូអភិវឌ្ឍន៍


អង្គការសុខភាពពិភពលោកបានបង្កើតប្រព័ន្ធគ្រប់គ្រងឧប្បត្តិហេតុ (IMS) នៅទូទាំងអង្គការចំនួនបីកម្រិតដើម្បីគ្រប់គ្រងការរីករាលដាលនៃវីរុស COVID-19 ដែលមានក្នុងក្របខ័ណ្ឌនៃការឆ្លើយតបគ្រោះអាសន្នរបស់អង្គការសុខភាពពិភពលោក (ERF)។


អង្គការសុខភាពពិភពលោកនៅកម្ពុជា បានជម្រុញឲ្យសកម្មប្រព័ន្ធគ្រប់គ្រងឧប្បត្តិហេតុ (IMS) របស់ខ្លួនដើម្បីគាំទ្រដល់ការត្រៀម សម្រាប់ការឆ្លើយតបរបស់ក្រសួងសុខាភិបាល ទៅនឹង COVID-19។ មុខងាររបស់ IMS រួមមានការដឹកនាំនិងការសម្របសម្រួល ប្រតិបត្ដិការសុខភាពនិងជំនាញបច្ចេកទេសព័ត៌មាននិងផែនការ គាំទ្រប្រតិបត្តិការនិងភ័ស្តុភារ និងហិរញ្ញវត្ថុនិងរដ្ឋបាល។ អង្គការសុខភាពពិភពលោកផ្តល់ប្រឹក្សាបច្ចេកទេស លើប្រព័ន្ធតាមដាននិងវាយតម្លៃហានិភ័យ ផ្នែកមន្ទីរពិសោធន៍ ផ្នែកគ្រប់គ្រងគ្លីនិក ការការពារការចម្លងរោគ ការទំនាក់ទំនងហានិភ័យ និងអន្តរាគមន៍សុខភាពសាធារណៈ។

ការរៀបចំសម្រាប់ការផ្ទុះរាតត្បាតមេរោគនាពេលអនាគត

ការរីករាលដាលនៃមេរោគCOVID-19 នៅតែកំពុងវិវត្ត ហើយវានៅតែជាគ្រោះអាសន្នផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ (PHEIC) ដែលត្រូវបានប្រកាសដោយអគ្គនាយកអង្គការសុខភាពពិភពលោកនៅថ្ងៃទី ៣០ ខែមករាឆ្នាំ ២០២០ ។ គ្រប់ប្រទេសជាសមាជិក រួមទាំងប្រទេសកម្ពុជា ត្រូវបានណែនាំ ក្នុងការរៀបចំត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងករណីបន្ថែមនិងការឆ្លងរាលដាលដែលអាចកើតមាន ដូចដែលមានក្នុងផែនការយុទ្ធសាស្រ្តនិងការឆ្លើយតបត្រៀមខ្លួនដើម្បីឆ្លើយតបនឹងវីរុស COVID-១៩ ។

នៅប្រទេសកម្ពុជា ខណៈដែលអង្គការសុខភាពពិភពលោកបានគាំទ្របច្ចេកទេសនិងប្រតិបត្ដិការដល់ក្រសួងសុខាភិបាលក្នុងការឆ្លើយតបទៅនឹងករណីដែលបាននាំចូលលើកដំបូងក៏ដូចជាព្រឹត្តិការណ៍នាវា Westerdam ហើយជាការសំខាន់ដូចគ្នាដែលប្រទសកម្ពុជាត្រូវរៀបចំសម្រាប់ករណីឆ្លងរាលដាលបន្ថែមទៀត។ រហូតមកដល់ពេលនេះប្រទេសកម្ពុជាមានករណីតែមួយគត់ដែលត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ដែលឥឡូវបានជាសះស្បើយនិងត្រូវបានធ្វើតេស្តិ៍អវិជ្ជមានជំងឺនេះ។ ប៉ុន្តែព្រឹត្តិការណ៍នាវាទេសចរណ៍ Westerdam បានបង្ហាញថាសកម្មភាពត្រៀមជាស្រេច គឺជាការចាំបាច់ដើម្បីធានាឱ្យមានការឆ្លើយតបយ៉ាងឆាប់រហ័ស។

ដើម្បីរៀបចំត្រៀមទុកមុនការបញ្ជូនការគាំទ្រនៅសហគមន៍ អង្គការសុខភាពពិភពលោកកំពុងធ្វើការជាមួយក្រសួងសុខាភិបាល និងអង្គការដៃគូធ្វើការលើសុខភាពដទៃទៀត នឹងធ្វើបច្ចុប្បន្នភាពការរៀបចំត្រៀមទុកមុន និងផែនការឆ្លើយតបថ្នាក់ជាតិ និងកំណត់ចំណុចខ្វះខាតសម្រាប់សកម្មភាពត្រៀមទុកមុនជាអាទិភាព។ ចំនុចអាទិភាពដែលត្រូវត្រៀមសម្រាប់ការបញ្ជូនការគាំទ្រនៅសហគមន៍រួមមាន៖

• ការគ្រប់គ្រងឧប្បត្តិហេតុ ការធ្វើផែនការ និងការសម្របសម្រួលពហុវិស័យ
· ប្រព័ន្ធតាមដានជម្ងឺឆ្លង និងវាយតម្លៃហានិភ័យ
· មន្ទីរពិសោធន៍
· ការគ្រប់គ្រងគ្លីនិកនិងសេវាថែទាំសុខភាព
· ការការពារនិងត្រួតពិនិត្យការចម្លងរោគ
· វិធានការសុខភាពសាធារណៈផ្សេងទៀតក្រៅពីផ្នែកសុខាភិបាល
· ការទំនាក់ទំនងហានិភ័យ
· ច្រកចេញចូលអន្តរជាតិ
· ភ័ស្តុភារសម្រាប់ប្រតិបត្តិការ


អង្គការសុខភាពពិភពលោកផ្តល់អនុសាសន៍សម្រាប់សាធារណៈជន

អនុសាសន៍របស់អង្គការសុខភាពពិភពលោកសម្រាប់សាធារណជនទូទៅក្នុងការកាត់បន្ថយការប៉ះពាល់ ការចម្លង នៃជំងឺមួយចំនួន គឺត្រូវអនុវត្តតាមស្តង់ដារដោយមានការប្រុងប្រយ័ត្នទៅលើអនាម័យរួមមាន ការលាងដៃជាប្រចាំ ពាក់មាស់នៅលើមាត់ និងច្រមុះ នៅពេលក្អក និងកណ្តាស់ និងជៀសវាងការទាក់ទងជិតស្និទ្ធជាមួយនរណាម្នាក់ដែលបង្ហាញរោគសញ្ញានៃជំងឺផ្លូវដង្ហើមបែបនេះ ដូចជាក្អក និងកណ្តាស់ជាដើម។

សម្រាប់ពត៌មានបន្ថែម គេហទំព័ររបស់ក្រសួងសុខាភិបាល​ www.cdcmoh.gov.kh​ និងបណ្តាញព័ត៌មានបណ្តាសង្គមហ្វេសប៊ុក ដើម្បីទទួលបាននូវសារអប់រំអំពីសុខភាព។

សម្រាប់ព័ត៌មានថ្មីៗរបស់គេហទំព័រអង្គការសុខភាពពិភពលោក (WHO) សូមមើល www.who.int/emergencies/diseases/novel-coronavirus-2019

https://www.who.int/…/19-02-2020-responding-to-the-coronavi…

Westerdam ship picture