រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០ព្រឹក ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍លើការអនុវត្តការងារជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត។
បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេប របស់នាយកដ្ឋានរួចមក ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗរួមមាន៖
- ពង្រឹងប្រសិទ្ធភាពការងារ ទាក់ទងជាមួយនឹងជំងឺឆ្លង ដោយនវានុវត្តន៍ និងបុរេសកម្ម
- បង្កើនការសហការ និងសហប្រតិបត្តិការជាមួយនាយកដ្ឋាន អន្តរ ស្ថាប័ន មន្ទីរពេទ្យ និងអង្គការដៃគូ
- ពង្រឹងសមត្ថភាពបុគ្គលិក ក្នុងការឆ្លើយតបបន្ទាន់ ទៅនឹងជំងឺឆ្លង និងគ្រោះអាសន្នសុខភាពសាធារណៈផ្សេងទៀត
- បង្កើនការចូលរួមពីសហគមន៍ ដើម្បីរាយការណ៍អំពីជំងឺឆ្លង និងព្រឹត្តិការណ៍សុខភាពសាធារណៈនានាឱ្យបានទាន់ពេលវេលា
- ពង្រឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងនវានុវត្តន៍
- បង្កើនការតាមដាន ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ(AMR) តាមរយៈការសិក្សាស្រាវជ្រាវ ការប្រើប្រាស់ឱសថសមស្រប នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន
- ពង្រឹងការចេញសេចក្ដីជូនព័ត៌មាន អំពីសុខភាពឱ្យបានទាន់ពេលវេលា
- ត្រៀមផែនការឆ្លើយតបទៅនឹងជំងឺឆ្លងកើតថ្មី និងជំងឺឆ្លងលេចឡើងសារជាថ្មី
- អភិវឌ្ឍផែនការយុទ្ធសាស្រ្ដរយៈពេលមធ្យម និងរយៈពេលវែងរបស់អង្គភាព។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ដែលតែងតែរកឃើញ និងឆ្លើយតបជាមួយជំងឺឆ្លង និងព្រឹត្តិការណ៍សុខភាពសាធារណៈនានា បានទាន់ពេលវេលា។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមជូនពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងទាំងអស់ ទទួលបាននូវជោគជ័យ ក្នុងភារកិច្ចការងារក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល។
ប្រទេសចិនបាននិងកំពុងប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើងនៃមេរោគ human metapneumovirus (HMPV) ដែលមានរោគសញ្ញា ស្រដៀងទៅនឹងជំងឺផ្តាសាយធំ និង COVID-19 ។
វេជ្ជបណ្ឌិត Chen Chih-jung នៃមន្ទីរពេទ្យ Linkou Chang Gung Memorial Hospital បាននិយាយនៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា hMPV គឺស្រដៀងទៅនឹងមេរោគផ្លូវដង្ហើម RSV (ជាមេរោគបង្កជំងឺផ្លូវដង្ហេីមដែរ) ដែលភាគច្រើនឆ្លងដល់កុមារអាយុក្រោម 2 ឆ្នាំ ខណៈដែល hMPV មាននិន្នាការឆ្លងកុមារធំ។ លោកបានពន្យល់ថា កុមារខ្លះដែលឆ្លងមេរោគ អាចតម្រូវឱ្យចូលមន្ទីរពេទ្យ ប៉ុន្តែជំងឺនេះមិនសូវធ្ងន់ធ្ងរ ដូចជំងឺគ្រុនផ្តាសាយធំទេ ហេីយកុមារភាគច្រើនបានជាសះស្បើយឡើងវិញ។ ប្រទេសយេីងក៏ធ្លាប់រកឃេីញមេរោគនេះដែរលេីកុមារ។
#សូមបញ្ជាក់ថា ក្នុងរដូវរងារនេះ អ្នកមានរោគផ្តាសាយ និងរលាកផ្លូវដង្ហេីម គឺភាគច្រេីនបង្កឡេីងដោយមេរោគផ្តាសាយធំ Influenza ។
ក្រសួងសុខាភិបាល នឹងដាក់ឱ្យប្រើប្រាស់ថ្នាំបង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ (Pre-Exposure Prophylaxis = ថ្នាំព្រឹព) ជាប្រភេទថ្នាំចាក់ឈ្មោះ Cabotegravir ដែលត្រូវចាក់រៀងរាល់ ២ខែម្តង សម្រាប់បង្ការការឆ្លងមេរោគអេដស៍ មុនពេលប្រឈម ជូនក្រុមប្រជាជនគន្លឹះ ដែលមានប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ រួមមានៈ ក្រុមស្រ្តីបម្រើសេវាកំសាន្ត ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកប្លែងភេទ ក្រុមអ្នកប្រើប្រាស់គ្រឿងញៀនដោយចាក់ ។ ល។ ថ្នាំនេះមានប្រសិទ្ធភាពក្នុងការបង្ការ ការចម្លងមេរោគអេដស៍បាន ក្នុងកម្រិតចន្លោះពី ៩២ ទៅ ៩៥%។
*សូមបញ្ជាក់ថា មកដល់ពេលនេះ ពិភពលោកយេីង មិនទាន់រកឃើញវ៉ាក់សាំង សម្រាប់បង្ការមេរោគអេដស៍នៅឡើយទេ។