Date: 10/September/2018

Dr.Beat Reachnerក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុុជា​ បានទទួលព័ត៌មាន ប្រកបដោយក្តីរន្ធត់ក្រៀមក្រំ ជាទីបំផុត​ អំ​ពីមរណ:ភាពរបស់ឯកឧត្តម សាស្រ្តាចារ្យវេជ្ជបណ្ឌិត​ បីច​ រីចច្នឺ​ (H.E. Prof. Dr. Beat Richner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា​កម្ពុជា​ កាលពីព្រឹកថ្ងៃអាទិត្យ​ ទី៩​ ខែកញ្ញា​ ឆ្នាំ២០១៨ (ពេលវេលានៅទីក្រុងហ្សឺណែវ)​ ក្នុងជន្នាយុ​ ៧១​ ឆ្នាំ​ ដោយរោគាពាធ​ នៅប្រទេសស្វីស។

ឯកឧត្តមសាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ តាងនាមឲ្យថ្នាក់ដឹកនាំ​ បុគ្គលិក​-មន្ត្រីសុខាភិបាល​ លោកគ្រូពេទ្យ​ អ្នកគ្រូពេទ្យនៃក្រសួងសុខាភិបាល​ ជាពិសេស នៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់​ និងក្នុងនាមឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់​ សូមសំដែងនូវការសោកស្តាយ ជាទីបំផុតចំពោះមរណ:ភាព និងការបាត់បង់ស្ថាបនិក មន្ទីរពេទ្យកុមារគន្ធបុប្ផារូបនេះ​ ដែលនេះមិនត្រឹមតែជាការបាត់បង់ នូវឥស្សរជនជួយសុខភាព កុមារកម្ពុជាប៉ុណ្ណោះទេ​ តែជាការបាត់បង់ដ៏ធំធេង សម្រាប់វិស័យសុខាភិបាលកម្ពុជា​ និងជាការបាត់បង់ លោកគ្រូពេទ្យដ៏ឆ្នើម កម្ររកបានផងដែរ។ ២៥ឆ្នាំកន្លងទៅនេះ​ ឯកឧត្តមវេជ្ជបណ្ឌិត​ បីច​ រីចច្នឺ​ បានបង្កើតស្នាដៃមនុស្សធម៌ ដ៏ធំធេងនៅក្នុងប្រវត្តិ នៃការអភិវឌ្ឍន៌វិស៏យសុខាភិបាលកម្ពុជា ក្រោយពីថ្ងៃរំដោះ​ ៧​ មករា​ ១៩៧៩មក​ គឺការបង្កើត​ ពង្រីក​ និងអភិវឌ្ឍ​មន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ និងនៅទីរួមខេត្តសៀមរាប​ ហើយឯកឧត្តមសាស្ត្រាចារ្យ​ បីច​ រីចច្នឺ​ បានបង្ហាត់បង្ហាញ ដឹកនាំការពិនិត្យព្យាបាល ជំងឺកុមារនៅកម្ពុជា​ ទោះជាស្ថិតនៅក្នុងដំណើរ ដ៏លំបាកលំបិនក៏ដោយ​ ក៏ ឯកឧត្តមសាស្ត្រាចារ្យ​ វេជ្ជបណ្ឌិត​ បីច​ រីចច្នឺ​ មិនរួញរាឡើយ​ ថែមទាំងបានលះបង់ ទាំងកម្លាំងកាយ​-ចិត្ត​ ប្រាជ្ញា​ ស្មារតី​ តំរិះវេជ្ជសាស្រ្ត​ និងសន្តានចិត្តមនុស្សធម៌ដ៏ល្អប្រពៃ​ ព្រមទាំងស្វែងរក និងប្រមូលវិភាគទាន សម្រាប់ប្រតិបត្តិការ មន្ទីរពេទ្យគន្ធបុប្ផានៅកម្ពុជា ដោយកម្លាំងផ្ទាល់ខ្លួន ដោយមិនមានការនឿយហត់​ ដើម្បីសុខភាពកុមារកម្ពុជា។ ទង្វើខាងលើរបស់ឯកឧត្តមសាស្ត្រាចារ្យ​ បីច​ រីចច្នឺ​ គឺពិតជាគំរូវីរភាព ដែលយើងទាំងអស់គ្នា មិនអាចបំភ្លេចបានឡើយ​ ហើយតាមរយ:ស្នាដៃរបស់ឯកឧត្តម សាស្ត្រាចារ្យ​ បីច​ រីចច្នឺ​ ខាងលើនេះ​ដែរ កុមារកម្ពុជាជាច្រើននាក់ ទទួលបាននូវការពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃ​ ហើយសមិទ្ធិផល ដែលបានកើតចេញពីស្នាដៃ របស់ឯកឧត្តមសាស្ត្រាចារ្យ​ បីច​ រីចច្នឺ​ នៅលើទឹកដីកម្ពុជានេះ​ និងពិតជាបានបន្សល់ទុក ឲ្យជាផលប្រយោជន៌​ សម្រាប់កុមារកម្ពុជាជាបន្ត​ និងនៅស្ថិតស្ថេរជានិរន្តន៌។ យើងនិងខិតខំបន្ត នូវបេសកកម្មមនុស្សធម៌ របស់ឯកឧត្តមសាស្ត្រាចារ្យ​ បីច​ រីចច្នឺ​ ជាបន្តទៀត​ ដើម្បីសុខភាពកុមារកម្ពុជា​ មិនឲ្យសាបសូន្យឡើយ។

លើសពីនេះ​ យើងខ្ញុំទាំងអស់គ្នា​ និងចារិកទុកក្នុងចិត្ត នូវទង្វើមនុស្សធម៌ដ៏ល្អប្រពៃ របស់ឯកឧត្តមសាស្ត្រាចារ្យ​ បីច​ រីចច្នឺ​ ដូចបានរៀបរាប់ខាងលើ​ និងដើម្បីជាសក្ខីភាព នៃការគោរពនូវវីរភាព របស់ឯកឧត្តមសាស្ត្រាចារ្យ​ បីច​ រីចច្នឺ​ នេះ​ ក្រសួងសុខាភិបាលកម្ពុជា​ បានចាត់ចែងរៀបចំពិធីគោរពវិញ្ញាណខ័ន្ទ​ ឯកឧត្តមសាស្ត្រាចារ្យ​ បីច​ រីចច្នឺ​ ដែលនឹងប្រព្រឹត្តទៅ នៅទីស្តីការក្រសួងសុខាភិបាលនៅថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០១៨​ វេលាម៉ោង៣:០០​រសៀល។

យើងខ្ញុំទាំងអស់គ្នា​ សូមសំដែងនូវក្តីសោកស្តាយជាខ្លាំង រកអ្វីប្រៀបផ្ទឹមពុំបានឡើយ​។ យើងខ្ញុំទាំងអស់គ្នា​ សូមចូលរួមមរណ:ទុក្ខយ៉ាងក្រៀមក្រំ ជាទីបំផុត ជាមួយក្រុមគ្រួសារសពឯកឧត្តម សាស្ត្រាចារ្យ​ បីច​ រីចច្នឺ​ ហើយយើងខ្ញុំទាំងអស់គ្នា​ សូមលើកដៃប្រណំ បួងសួងជូនវិញ្ញាណខ័ន្ទ ឯកឧត្តមសាស្ត្រាចារ្យ​ បីច​ រីចច្នឺ​ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

អ្នកនាំពាក្យក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

Date: 13/August/2018

នៅដើមខែសីហា ឆ្នាំ២០១៨ អង្គការសុខភាពពិភពលោក មានការប្រកាសថា មានការរាតត្បាតឡើងវិញ នៃជំងឺអេបូឡា នៅក្នុងប្រទេសសាធារណៈរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ នៅក្នុងទ្វីបអាហ្រ្វិក ដែលរហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នេះមានចំនួនអ្នកឈឺសរុបចំនួន ៤៤នាក់ ដែលក្នុងនោះ ៣៦នាក់បានស្លាប់ ។ អាស្រ័យហេតុនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានចាត់វិធានការ ដោយពង្រឹងវិធានការបង្ការ និងត្រៀមឆ្លើយតបជំងឺអេបូឡា ។ វិធានការទាំងនោះរួមមាន ៖
១. ផ្តល់ពត៌មានអំពីការរាតត្បាត ជំងឺអេបូឡានៅប្រទេសកុងហ្គោ ដល់ក្រុមមន្រ្តីឆ្លើយតបបន្ទាន់ ទូទាំងប្រទេស និងវិធានការ ធ្វើការតាមដាន និងឆ្លើយតបឆាប់រហ័ស
២. ណែនាំដល់មន្រ្តីចត្តាឡីស័ក ដែលបំរើការងារតាមព្រំដែន គោក ទឹក និងអាកាសយាន្តដ្ឋាន ស្តីពីការតាមដានសុខភាព អ្នកដំណើរទាំងអស់ ជាពិសេសអ្នកដំណើរមកពីទ្វីបអាហ្រ្វិក និងអនុវត្តន៏ តាមវិធានការបង្ការ និងឆ្លើយតបជំងឺអេបូឡា ដែលមានស្រាប់
៣. បានធ្វើការចែកចាយ សម្ភារៈអប់រំ ស្តីពីរបៀបបង្ការ និងឆ្លើយតបជំងឺអេបូឡា ដល់មន្រ្តីឆ្លើយតបបន្ទាន់ ទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយបន្ត
៤. សូមសំណូមពរដល់ប្រជាជន ដែលមានប្រវត្តិធ្វើដំណើរ មកពីប្រទេសក្នុងទ្វីបអាហ្រ្វិច ហើយមានរោគសញ្ញាដូចជា គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ ឈឺសាច់ដុំ អស់កំលាំង ក្អួត កន្ទួលក្រហម ឬចេញឈាម សូមអញ្ជើញទៅមន្ទីរពេទ្យ ដែលនៅជិតបំផុត ឬទាក់ទងលេខទូរស័ព្ទ ១១៥ ដើម្បីធ្វើការព្យាបាលជាបន្ទាន់ និងជៀសវាងចំលងជំងឺ ទៅសមាជិកគ្រួសារ និងអ្នកដទៃ ។
យើងខ្ញុំនឹងបន្តជូនដំណឹង ដល់សាធារណៈជន អំពីការវិវត្តិជំងឺអេបូឡា នៅប្រទេសកុងហ្គោ តាមរយៈគេហទំព័រ www.cdcmoh.gov.kh និងផេចហ្វេសប៊ុកឈ្មោះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ៕
ពត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ១១៥

Ebola 05.2018 a   Ebola 05.2018 b 

Date: 09/August/2018

នាយកដ្ឋាMERS TV Spotនប្រយុទ្ធនឹងជំងឺឆ្លង សូមណែនាំសារអប់រំសុខភាព ដល់បងប្អូនដែលធ្វើ ដំណើរទៅ និងត្រលប់ពីឧបទ្វីបមជ្ឈឹមបូព៌ា ដើម្បីចូលរួមពិធីសាសនា នូវសារអប់រំសុខភាព ទាក់ទងនឹងជំងឺ រលាកផ្លូវដង្ហើមមជ្ឈឹមបូព៌ា (រហូតដល់ខែកក្កដាឆ្នាំ២០១៨ ទូទាំងពិភពលោក មានឆ្លងជំងឺនេះចំនួន ២២២៩ ក្នុងនោះ ៧៩១ បានស្លាប់ ស្មើនឹងអត្រាស្លាប់ ៣០% ភាគច្រើនកើតនៅឧបទ្វីបមជ្ឈឹមបូព៌ា) ដូចខាងក្រោម ៖

សារសម្រាប់អ្នកដំណើរ ចេញទៅឧបទ្វីបមជ្ឈឹមបូព៌ា (Middle East Respiratory Syndrome (MERS))

- អ្នកធ្វើដំណើរទៅ ឧបទ្វីបមជ្ឈឹមបូព៌ា និងមានរោគសញ្ញា គ្រុនក្តៅ ក្អក ពិបាកដកដង្ហើមនិងរាគ អ្នកត្រូវស្វែងរកមន្ទីរពេទ្យ ព្យាបាលជាបន្ទាន់
- បើសិនជាអ្នក ទើបត្រឡប់មកពីឧបទ្វីបមជ្ឈឹមបូព៌ា និងមានរោគសញ្ញា គ្រុនក្តៅ ក្អក ពិបាកដកដង្ហើម និងរាគ ក្នុងកំឡូងពេល ១៤ ថ្ងៃ ក្រោយត្រឡប់មកពីតំបន់ មជ្ឈឹមបូព៌ា អ្ននកត្រូវតែទៅមន្ទីរពេទ្យ ជាបន្ទាន់ ព្រមទាំងប្រាប់គ្រូពេទ្យថា អ្នកទើបត្រឡប់មកពីតំបន់មជ្ឈឹមបូព៌ា។
- បើសិនជាអ្នកមានរោគសញ្ញា រលាកផ្លូវដង្ហើមស្រួចស្រាវ អ្នកត្រូវអនុវត្តទម្លាប់ខ្ទប់មាត់ ឬច្រមុះជាមួយក្រណាត់ ឬសំលៀកបំពាក់ នៅពេលអ្នកក្អក ឬកណ្តាស និងលាងដៃឲ្យបានញឹកញាប់។
- បើសិនជាអ្នកមានរោគសញ្ញា រលាកផ្លូវដង្ហើមយូរ អ្នកគួរតែពន្យាពេលក្នុងការធ្វើដំណើរ ។
- នៅពេលធ្វើដំណើរ អ្នកអាចកាត់បន្ថយហានិភ័យ នៃការចម្លងដោយ៖
- ចៀសវាងការប៉ះពាល់ផ្ទាល់ ជាមួយអ្នកមានជំងឺ រលាកផ្លូវដង្ហើមស្រួចស្រាវ
- ចៀសវាងការហូបសាច់មិនឆ្អិនល្អ បន្លែឆៅផ្លែឈើមិនបានចិតសំបក និងទឹកមិនមានសុវត្ថិភាព ។
- លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ជាពិសេសក្រោយការប៉ះពាល់អ្នកឈឺ និងនៅជុំវិញបរិស្ថានអ្នកឈឺ
- ចៀសវាងការទៅលេង កសិដ្ឋានចិញ្ចឹមសត្វស្រុក និងសត្វព្រៃ ជាពិសេស សត្វអូដ៏ (ឈឺ ឬ ស្លាប់) ។
ចំណាំៈ ប្រទេសក្នុងឧបទ្វីបមជ្ឈឹមបូព៌ា កំពុងរាតត្បាតជំងឺផ្លូវដង្ហីមមជ្ឈឹមបូព៌ា រួមមានៈ អារ៉ាប់អេមីរ៉ាត់ ហ្ស័កដានី គូវែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត យ៉េម៉ែន ។
សំរាប់ពត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខៈ 115

 

Date: 02/August/2018

Road Accident vdoគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាសុខភាពសាធារណៈ ដ៏ធ្ងន់ធ្ងរ ដែលមានចំនួនអ្នកស្លាប់ នាំមុខច្រើនជាងការស្លាប់ ដោយជំងឺឆ្លងទៅទៀត ។ គ្រោះថ្នាក់ចរាចរណ៍ អាចកាត់បន្ថយបានព្រោះវាបង្កឡើង ដោយមនុស្សយើងផ្ទាល់ វាខុសពីជំងឺឆ្លង ដែលបង្កឡើងដោយធម្មជាតិ ដោយមេរោគឆ្លងចូលក្នុងខ្លួនយើង បណ្តាលឲ្យយើងមានជំងឺ ។ ការកាត់បន្ថយការស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៌តាមរយៈ
១. ចេះច្បាប់ចរាចរណ៍ និងគោរពអនុវត្តន៏ច្បាប់ចរាចរណ៍
២. គោរពភ្លើងសញ្ញាចរាចរណ៍
៣. កុំបើកល្បឿនលឿន ហួសពីការកំនត់ពីច្បាប់ចរាចរណ៍
៤. មានការយោគយល់គ្នា និងអត់ធ្មត់បំផុតក្នុងការបើកបរ
សូមមេត្តាគោរពច្បាប់ចរាចរណ៍ ដើម្បីជីវិតខ្លួនយើង និងជីវិតអ្នកដទៃ ។
សូមអរគុណទុកជាមុន ។