Date: 21/November/2018

wine poisoning 112018 បងប្អូនជនរួមជាតិទាំងអស់ កំពុងចូលរួមពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ សូមដាស់តឿនដល់បងប្អូនប្រុងប្រយ័ត្ន ក្នុងការទិញ ស្រាមកពិសារ ត្រូវទិញស្រាស មានប្រភពច្បាស់លាស់ មានការត្រួតពិនិត្យត្រឹមត្រូវ ពីមន្រ្តីជំនាញ និងពិសារក្នុងកំរិតតិចបំផុត ។ យោងតាមទិន្នន័យ ការពុលស្រាកន្លងមក នៅតែជាបញ្ហាប៉ះពាល់សុខភាព និងអាយុជីវិត ។ សូមបងប្អូនមើលតួលេខ ធ្លាប់ពុលស្រាកន្លងមកដូចខាងក្រោម ៖
- ក្នុងឆ្នាំ ២០១៥ : ចំនួនករណីពុលស្រាមាន ២៨៤ ករណី ក្នងនោះស្លាប់ ៣៣ នាក់ កើតឡើងនៅក្នុងខេត្តចំនួន៣គឺ: ត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគីរី ។
- ក្នុងឆ្នាំ ២០១៦: ចំនួនករណីពុលស្រាមានចំនួន ៩២ ករណី ក្នុងនោះស្លាប់ ១៥ នាក់ កើតឡើងនៅក្នុងខេត្តកំពងលឆ្នាំង។
- ក្នុងឆ្នាំ ២០១៧ : ចំនួនករណីពុលស្រាមានចំនួន ១៣ករណី ក្នុងនោះស្លាប់២នាក់ នៅខេត្តមណ្ឌលគីរី
- ក្នុងឆ្នាំ ២០១៨: ចំនួនករណីពុលស្រាមានចំនួន ២០៣ករណី ក្នុងនោះស្លាប់៩នាក់ នៅខេត្តក្រចេះ និងកំពត
ដូចនេះស្រា នៅតែជាមូលហេតុសំខាន់ ក្នុងចំណោម ការពុលអាហារជាច្រើន ដែលប្រជាពលរដ្ឋ កំពុងតែប្រឈមនឹងការឈឺ និងស្លាប់ ទោះជាយ៉ាងណា ក្រសួងសុខាភិបាលនៅតែប្រឹងប្រែង សហការជាមួយក្រសួងពាក់ពន្ធ័ ដើម្បីរៀបចំស្ពតផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ អោយយល់ដឹងពីហានិភ័យ ដែលបណ្តាលមកពីការទទួលទានស្រា ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥

Date: 17/November/2018

សូមបងប្អូនប្រុងប្រយ័ត្នជានិច្ចអំពី ការចំលងជំងឺផ្តាសាយបក្សី ។ សូមកុំយកមាន់ ទា ឬសត្វបក្សីឈឺឬងាប់ មករៀបចំជាអាហារ ត្រូវអនុវត្តអនាម័យក្នុងការបោចរោម និង ចំអិនជាប់ជានិច្ច ។ ក្នុងប្រទេសយើងជំងឺផ្តាសាយបក្សី បានឆ្លងពីសត្វបក្សីមកមនុស្សចំនួន ៥៦ករណី ដែលក្នុងនោះ ៣៧ករណីបានស្លាប់ ។ ដោយឡែកគ្រាន់តែឆ្នាំ ២០១៣ មានឆ្លងលើមនុស្សចំនួន ២៦ករណី ដែលក្នុងនោះមាន ១៤ករណីបានស្លាប់ និង ក្នុងដើមឆ្នាំ២០១៤ មាន ៩ករណី និង ៤ករណីបានស្លាប់ ។ បុគ្គលដែលមានរោគសញ្ញាគ្រុនក្តៅ លើសពី ៣៨.៥ អង្សារសេ និងមានរោគសញ្ញា ក្អក ឬ ឈឺក ឬ ដកដង្ហើម ហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃមុនចេញរោគសញ្ញា ចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺ ទៅមណ្ឌល់សុខភាព ឬមន្ទីរពេទ្យជិតបំផុតដើម្បីធ្វើការព្យាបាល ។ ពត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទទាន់ហេតុការណ៏ របស់ក្រសួងសុខាភិបាលលេខ ១១៥ ។ សូមទស្សនាភាពយន្តខ្លី អំពីសារអប់រំអំពីការបង្ការជំងឺផ្តាសាយបក្សី ជូនភ្ជាប់មកជាមួយនេះ ។

H5N1 water fest 2018

Date: 07/November/2018

cold seasonal flu 11.2018ការប្រុងប្រយ័ត្នសុខភាពក្នុងអំឡុងពេលអាកាសធាតុត្រជាក់

1. ក្នុងចំណោម ជំងឺតាមរដូវកាល ដែលជួបញឹកញាប់ ក្នុងអំឡុងពេល អាកាសធាតុត្រជាក់ ចន្លោះ ពីខែវិច្ឆិកាដល់ខែមករា គឺ ជំងឺផ្លូវដង្ហើមបណ្តាលមកពីវីរុស ដូចជា គ្រុនផ្តាសាយ រលាកបំពង់កដោយមេរោគស្ត្រិបតូកូក (Streptococcus) និង រលាកក្រពះពោះវៀនដោយ វីរុស។

នេះជាវិធានការណ៍សាមញ្ញ មួយចំនួន ដែលអ្នកអាចអនុវត្តដើម្បីថែរក្សា ខ្លួនអ្នកនិងអ្នកដទៃទៀតគឺ៖
• ចូរស្វែងរក ការព្យាបាល នៅគ្រឹះស្ថានសុខាភិបាល ប្រសិនបើអ្នក ពិបាកដកដង្ហើម គ្រុនក្តៅ ក្អក ឈឺក និង ឈឺសាច់ដុំ ។
• ចូរចងចាំថា អ្នកគួរធ្វើដំណើរតែនៅពេលដែលអ្នកមានសុខភាពល្អ។ ប្រសិនបើអ្នក គិតថា អ្នកមាន ជំងឺផ្តាសាយ ឬ មិនស្រួលខ្លួន (ឈឺ) សូមពន្យាផែនការធ្វើដំណើរ របស់អ្នក រហូតដល់ គ្រុនក្តៅបាត់ទៅវិញ យ៉ាងហោចណាស់ 24 ម៉ោង។ គ្រុនក្តៅរបស់អ្នកនឹងបាត់ទៅវិញ ដោយមិនចាំបាច់ប្រើប្រាស់ឱសថបញ្ចុះ កម្តៅ។
• ពេលអ្នក ក្អក ឬ កណ្តាស់ ខ្ទប់មាត់របស់អ្នក ជាមួយក្រណាត់ឬកន្សែង។ បើគ្មានក្រណាត់ឬកន្សែង សូមក្អកឬ កណា្ដស់ដោយយកដៃអាវខ្ទប់ មិនត្រូវប្រើ ដៃរបស់អ្នកទេ។
• លាងសម្អាត ដៃ របស់អ្នក ឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹក។
• ជៀសវាង ប៉ះ ភ្នែក ច្រមុះនិង មាត់របស់អ្នក។
• ជៀសវាង ទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយអ្នកឈឺ។

2. ទារក កុមារនិង មនុស្សមានវ័យចំណាស់ មានហានិភ័យខ្ពស់ទាក់ទងនិងជំងឺ បណ្តាលមកពីអាកាសធាតុត្រជាក់

ទារក បាត់បង់កំដៅរាងកាយរហ័សជាងមនុស្សធំ។ លើសពីនេះទៅទៀត ទារក និងកុមារតូច មិនអាចរក្សាកំដៅ រាងកាយ ឱ្យបានគ្រប់បានទេ។
• ទារក អាយុតិចជាងមួយឆ្នាំ មិនត្រូវដេកនៅក្នុងបន្ទប់ត្រជាក់ទេ។ ការផ្តល់សំលៀកបំពាក់ដែលកក់ក្តៅនិងភួយ សម្រាប់ទារក និងព្យាយាមរក្សាសីតុណ្ហភាពឲ្យបានកក់ក្តៅនៅក្នុងបន្ទប់របស់ទារក។
• មនុស្សវ័យចំណាស់ ជាញឹកញាប់មានកំដៅរាងកាយតិច ដោយសារតែការ រំលាយអាហារក្នុងរាងកាយយឺត និងសកម្មភាពរាងកាយតិច។ មនុស្សវ័យចំណាស់ក៏មានហានិភ័យដែរ ដែលធ្វើឲ្យសីតុណ្ហភាព ក្នុងរាងកាយថយចុះ ជាងធម្មតា ដែលអាចបណ្តាលឲ្យស្លាប់ ដោយសារតែ ការឆ្លើយតបរបស់រាងកាយ ជាមួយភាពត្រជាក់ ជាពិសេសអ្នកមានជំងឺទឹកនោមផ្អែម។
• កុមារនិងមនុស្សវ័យចំណាស់ ត្រូវតែ ពាក់សម្លៀកបំពាក់ច្រើនជាន់ ពេលអាកាសធាតុត្រជាក់។ សម្លៀកបំពាក់ច្រើនជាន់ ដើម្បីរក្សាភាពកក់ក្តៅ ក្នុងខ្លួនគាត់។ ជៀសវាងការស្លៀកបំពាក់ តឹង ពីព្រោះ វាមិនអាចឲ្យឈាម ចរាចរស្រួលក្នុងរាងកាយ និងបណ្តាលឲ្យបាត់បង់កំដៅរាងកាយ។
• កុមារ និងមនុស្សវ័យចំណាស់ គួរ ពាក់ មួក សម្លៀកបំពាក់ដែលនាំឲ្យកក់ក្តៅ និងស្រោមជើង នៅពេលចេញទៅខាងក្រៅ នៅក្នុងអាកាសធាតុត្រជាក់ ដើម្បីរក្សាកំដៅក្នុងរាងកាយ ដែលនិងបាត់បង់ តាមរយៈ ដៃ ក្បាលនិងជើង។

ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥ ដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ធ ។

Date: 27/October/2018

PufferFishesសូមជំរាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបអំពីករណីពុល ដោយសារបរិភោគត្រីក្រពត នៅខេត្ត ព្រះសីហនុ និង ខេត្តកោះកុង ដែលសរុបករណីពុលចំនួន១១នាក់ ក្នុងនោះស្លាប់២នាក់ ខេត្តព្រះសីហនុ១នាក់ និងខេត្តកោះកុង១នាក់ ហើយអ្នកដែលបានពុល ចំនួន៩នាក់ទៀត បានដាក់ឲ្យសំរាកនៅមន្ទីរពេទ្យ ខេត្តព្រះសីហនុ។ ព្រឹត្តិការទាំងពីរផ្សេងគ្នា បានកើតឡើងចន្លោះពីថ្ងៃទី២៥ ដល់ ២៧ តុលា​ ឆ្នាំ២០១៨ ។
ដោយមានការយកចិត្តទុកដាក់ ជួយសង្គ្រោះពីសំណាក់គ្រូពេទ្យ បច្ចុប្បន្នអ្នកជំងឺទាំង៩នាក់នេះ មានសភាពធូរស្រាលច្រើនហើយ​ និងខ្លះបានជាសះស្បើយហើយ។
កន្លងមក ក្រសួងសុខាភិបាល តែងតែធ្វើការណែនាំ និងរំលឹកចំពោះវិធានការ ការពារករណីពុលចំណីអាហារ ដែលមានទាំងការពុល បណ្តាលមកពីការបរិភោគ ត្រីក្រពត នេះផងដែរ។សារជាថ្មីម្តងទៀត សូមធ្វើការក្រើនរំលឹក ណែនាំ និងអំពាវនាវដល់សាធារណជនទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការបង្ការការពុលចំណីអាហារ ជាពិសេស​ការរួមគ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវអនាម័យចំណីអាហារល្អ គ្រប់ៗគ្នា ចាប់តាំងពីអ្នកបរិភោគ រហូតដល់អ្នកបម្រើអាហារ ដើរតួនាទីសំខាន់ នៅក្នុងការលើកកម្ពស់ សុវត្ថិភាពចំណីអាហារ ចាប់តាំងពីការរៀបចំចំណីអាហារ របៀបទុកដាក់ និងពេលចម្អិនអាហារ។ ដើម្បីជៀសវាងបាននូវបញ្ហាសុខភាព ដែលអាចធ្វើ ឲ្យបាត់បង់ជីវិតបាន និងដើម្បីចៀសផុត ពីការពុលត្រីក្រពត ដូចករណីខាងលើ សូមបងប្អូនប្រជាពលរដ្ឋ សូមកុំបរិភោគត្រីក្រពតដែលមានជាតិពុល ដោយសារវាមានជាតិពុល នៅក្នុងខ្លួនវា ដែលអាចបណ្តាលឲ្យស្លាប់បាន។ ជាតិពុលនៅក្នុងខ្លួនត្រីក្រពតនេះ មិនអាចកំចាត់ចោលបានទេ ទោះបីជាបានចំអិនកំដៅខ្ពស់យ៉ាងណា ឬដាក់ក្នុងកំរិតកកយ៉ាងណាក៏ដោយ។
នៅក្នុងប្រទេសកម្ពុជា មានត្រីក្រពតចំនួន ១០ ប្រភេទ ក្នុងនោះមាន ៥ ប្រភេទមានជាតិពុល ដូចមានរូបភ្ជាប់មកជាមួយនេះ ។ ត្រីក្រពតទាំងនេះ មានជាតិពុលដែលមាន សក្តានុពលខ្ពស់ និងអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ និងស្លាប់បាន ដោយសារជាតិពុលបានជ្រាបទៅប៉ះពាល់ ប្រព័ន្ធសរសៃប្រសាទកណ្តាល ។ ចំពោះជាតិពុលនៅក្នុងខ្លួនត្រី មានកម្រិតខុសគ្នាដែរ គឺពង និងស្ពែម របស់វា មានជាតិពុលខ្ពស់ជាងគេ បន្ទាប់មក គឺថ្លើម ពោះវៀន ស្បែក និងសាច់។
រោគសញ្ញា ចាប់ផ្តើមក្នុងរយៈពេល ២០ នាទី ទៅ ២ ម៉ោង បន្ទាប់ពីបានបរិភោគត្រីបែបនេះ។ រោគសញ្ញា រួមមាន រមាស់ចាក់ៗ នៅបបូរមាត់ និងមាត់ បន្ទាប់មកមានអាការៈ ឈឺក្បាល វិលមុខ រមាស់ចាក់ៗនៅចុងអវៈយវៈ មានការពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្ពឹកចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហៃ រឹងថ្គាម ឬអាចបណ្តាលឲ្យស្លាប់តែម្តង។ នៅក្នុងករណីដែលពុលខ្លាំង ការស្លាប់អាចបណ្តាលមកពីការខ្វិនផ្លូវដង្ហើម។ ក្រោយពីពុលភ្លាមៗ ការធ្វើឲ្យក្អួត (ប្រសិនបើអាចធ្វើទៅបាន) អាចជួយបញ្ចេញជាតិពុល ពីក្នុងខ្លួនយើងបានមួយចំណែក ហើយអ្នកពុលនោះ ត្រូវប្រញាប់ប្រញាល់មកស្វែងរក ការជួយសង្គ្រោះជាបន្ទាន់​ នៅមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ដោយស្ថានភាពអ្នកពុល តម្រូវឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាមដាន ពីគ្រូពេទ្យជាចាំបាច់។
ប្រសិនបើលោកអ្នក មានរោគសញ្ញាដូចរៀបរាប់ខាងលើ កើតមានឡើងបន្ទាប់ពីបានបរិភោគត្រីក្រពត សូមបងប្អូនប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតផ្ទះលោកអ្នកជាបន្ទាន់ និងសូមប្រាប់គ្រូពេទ្យ ពីការដែលអ្នកបានបរិភោគត្រីក្រពត។ ក្រសួងសុខាភិបាល និងបន្ដធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមគេហទំព័ររបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង www.cdcmoh.gov.kh និងហ្វេសបុក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល។ សំរាប់ព័ត៌មានបន្ថែម ៖ សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ដោយឥតគិតថ្លៃ 115 ទោះគ្មានថវិកាក្នុងទូរស័ព្ទរបស់អ្នក ក៏អាចទូរស័ព្ទចូលបានដែរ ។

 

Date: 25/October/2018

H5N1 water festival 2018បុណ្យអុំទូកនឹងឈានមកដល់ឆាប់ៗ សូមបងប្អូនប្រុងប្រយ័ត្នជានិច្ចអំពី ការចំលងជំងឺផ្តាសាយបក្សី ។ សូមកុំយកមាន់ ទា ឬសត្វបក្សីឈឺឬងាប់ មករៀបចំជាអាហារ ត្រូវអនុវត្តអនាម័យក្នុងការបោចរោម និង ចំអិនជាប់ជានិច្ច ។ ក្នុងប្រទេសយើងជំងឺផ្តាសាយបក្សី បានឆ្លងពីសត្វបក្សីមកមនុស្សចំនួន ៥៦ករណី ដែលក្នុងនោះ ៣៧ករណីបានស្លាប់ ។ ដោយឡែកគ្រាន់តែឆ្នាំ ២០១៣ មានឆ្លងលើមនុស្សចំនួន ២៦ករណី ដែលក្នុងនោះមាន ១៤ករណីបានស្លាប់ និង ក្នុងដើមឆ្នាំ២០១៤ មាន ៩ករណី និង ៤ករណីបានស្លាប់ ។ បុគ្គលដែលមានរោគសញ្ញាគ្រុនក្តៅ លើសពី ៣៨.៥ អង្សារសេ និងមានរោគសញ្ញា ក្អក ឬ ឈឺក ឬ ដកដង្ហើម ហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃមុនចេញរោគសញ្ញា ចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺ ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យជិតបំផុតដើម្បីធ្វើការព្យាបាល ។ ពត៌មានបន្ថែមសូមទាក់ទង ទូរស័ព្ទទាន់ហេតុការណ៏ របស់ក្រសួងសុខាភិបាលលេខ ១១៥ ។ សូមទស្សនាភាពយន្តខ្លី អំពីសារអប់រំអំពីការបង្ការ ជំងឺផ្តាសាយបក្សី ជូនភ្ជាប់មកជាមួយនេះ ។