Date: 26/January/2018
ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ មានការរៀបចំសន្និសិទ្ធស្តីពី អេពីដេមីសាស្រ្ត និងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាអំពីអេពីដេមីសាស្រ្តអនុវត្ត ជូនដល់មន្រ្តីសុខាភិបាលជំនាន់ទី៧ និងមន្រ្តីបសុព្យាបាលជំនាន់ទី៤ ដោយមានការសហការរៀបចំរវាងក្រសួងសុខាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដោយមានការគាំទ្រ បច្ចេកទេស និងធនធានដោយអង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លងសហរដ្ឋអាមេរិក ។ នេះជាការខិតខំរបស់ក្រសួងទាំងពីរ ក្នុងការផលិតធនធានមនុស្ស ដែលមានសមត្ថភាព ក្នុងការបង្ការនិងទប់ស្កាត់ជំងឺឆ្លងថ្មីៗ ក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ពួកគេ ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ។
គោលបំណងនៃសន្និសីទនេះមានដូចខាងក្រោម ៖
១. ចែករំលែកចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងអេពីដេមីសាស្រ្តអនុវត្តនៅកម្ពុជា
២. ពង្រឹងបណ្តាញទាក់ទងគ្នាផ្នែកអេពីដេមីសាស្រ្ត
៣. លើកកំពស់យុទ្ធសាស្រ្ត សុខភាពរួមតែមួយ (មនុស្ស សត្វ បរិស្ថាន)
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
អ្នកនាំពាក្យក្រសួងសុខាភិបាល
ទាញយកសេចក្តីប្រកាសទាំងស្រុង៖ Download
Date: 22/December/2017 (updated 09-Jan-2018)
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមជំរាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ថ្មីៗនេះមានការផ្ទុះជំងឺផ្ដាសាយបក្សី H5N1 កើតលើសត្វបក្សីជាបន្តបន្ទាប់ គឺផ្ទុះនៅស្រុកព្រៃឈរ និងស្រុកចំការលើ ខេត្តកំពង់ចាម និងស្រុកស្ទោង ខេត្តកំពុងធំ ករណីផ្ទុះទាំងបីនេះ ពុំទាន់រកឃើញមានការចំលងមកលើមនុស្សនៅឡើយទេ តែមន្រ្តីជំនាញក្រសួងសុខាភិបាល កំពុងបន្តតាមដានស្ថានភាព ជំងឺយ៉ាងយកចិត្តទុកដាក់បំផុត។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់អំពីការចំលងជំងឺនេះ ជាពិសេស ក្នុងពិធីបុណ្យផ្សេងៗ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ សូមបងប្អូនប្រុងប្រយ័ត្នជានិច្ចអំពីការចំលងជំងឺផ្តាសាយបក្សី ។ សំខាន់សូមកុំយកមាន់ ទា ឬសត្វបក្សីឈឺឬងាប់ មករៀបចំជាអាហារ ឫលក់បន្ត ត្រូវអនុវត្តអនាម័យក្នុងការ បោចរោម និង ចំអិនជាប់ជានិច្ច ។ សូមរំលឹកថា ចាប់តាំងពីឆ្នាំ ២០០៥ ដល់ ២០១៤ ក្នុងប្រទេសយើងធ្លាប់កើតមានជំងឺផ្តាសាយបក្សី ដែលបានឆ្លងពីសត្វបក្សី មកមនុស្សចំនួន៥៦ករណីដែលក្នុងនោះ ៣៧ ករណីបានស្លាប់ ។ ដោយឡែកគ្រាន់តែឆ្នាំ ២០១៣ មានឆ្លងលើមនុស្សចំនួន ២៦ករណី ដែលក្នុងនោះមាន ១៤ករណីបានស្លាប់ និង ក្នុងឆ្នាំ២០១៤ មាន ៩ករណី និង ៤ករណីបានស្លាប់ ។ បុគ្គលដែលមានរោគសញ្ញាគ្រុនក្តៅ លើសពី ៣៨.៥ អង្សារសេ និងមានរោគសញ្ញា ក្អក ឬ ឈឺ.ក ឬ ដកដង្ហើម ហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃ មុនចេញរោគសញ្ញា ចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺ ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីធ្វើការព្យាបាល យើងមានឱសថសំរាប់ព្យាបាលជំងឺនេះ ។
ពត៌មានបន្ថែមសូម សូមទាក់ទងមកទូរស័ព្ទលេខ ១១៥ ។
អ្នកនាំពាក្យក្រសួងសុខាភិបាល ៕
Date: 20/December/2017
សូមសាធារណជនទាំងអស់ ចូលរួមអនុវត្ត តាមសេចក្តីប្រកាសព័ត៌មាន នេះជាបន្ទាន់ ដើម្បីចៀសវាងបញ្ហាសុខភាព ៖
Date: 12/December/2017
សូមអាន សេចក្តីជូនព័ត៌មានក្រើនរំលឹក របស់ក្រសួងសុខាភិបាល ស្តីពីការបង្ការជំងឺផ្តាសាយបក្សី ដូចមានភ្ជាប់មកជាមួយខាងក្រោម៖